(ត្បូងឃ្មុំ)៖ សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំនេះ កំពុងតែល្បីកក្រើកក្នុងការប្រមូលផលដំណាំទុរេន ដែលមានដាំដុះស្ទើរតែគ្រប់ក្រុង-ស្រុក ក្នុងខេត្ត ក្នុងនោះ មានស្រុកមេមត់ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ មានផលដំណាំនេះច្រើន។

សម្រាប់ក្នុងស្រុកអូររាំងឪ ចំការទុរេនពាមជាំង៧៣ បានដាំដំណាំទុរេនពូជម៉ានថង លើផ្ទៃដីជាង៨០ហិកតា ស្ថិតនៅក្នុងភូមិ៧៣ ឃុំទួលសូភី ស្រុកអូររាំងឪ កំពុងមមាញឹកខ្លាំង ក្នុងការប្រមូលផល ដើម្បីប្រកួតប្រជែងលើទីផ្សារ។

បើតាមអ្នកគ្រប់គ្រងចំការនេះផ្ទាល់ បញ្ជាក់ថា ចំការទុរេនពាមជាំង៧៣ មានផ្ទៃដីដាំដុះទុរេន និងប្រមូលផលបាន៨០ហិកតាហើយ និងបានប្រមូលផល០៣ឆ្នាំមកហើយដែរ តែទើបតែឆ្នាំនេះ ប្រមូលផលបានពេញដៃ។ ដើម្បីឲ្យបងប្អូនជិតឆ្ងាយបានស្គាល់ បានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់ ទុរេនខ្មែរពិតៗ គ្មានជាតិគីមី ដោយដាក់លក់ក្នុង១គីឡូក្រាម ត្រឹមតែ ១២,០០០រៀលប៉ុណ្ណោះ។

សម្រាប់ទីតាំងងាយស្រួលធ្វើដំណើរ នៅជាប់នឹងផ្លូវជាតិលេខ១១ ជិះពីចំការទៅសាលាស្រុកអូររាំងឪ ប្រមាណ១០នាទីប៉ុណ្ណោះ។ ទំនាក់ទំនងចំការផ្ទាល់ តាមលេខទូរស័ព្ទ៖ ០៣១ ៤៧ ៨៥៦៦៦, ០៧០ ៦០៩៦៧៨, ០៨៦ ៦២៦៥៦៥។

ប្រជាពលរដ្ឋដែលបានទៅចំការដោយផ្ទាល់ ក្នុងថ្ងៃចុងសប្ដាហ៍ បានលើកឡើងថា ក្នុងឱកាសឆ្លៀតនាំគ្រួសារដើរកម្សាន្ដ ពួកគាត់ក៏បានចូលទិញដល់ចំការតែម្ដងដើម្បីទទួលទាន ដោយបានទុរេនខ្មែរពិតៗ មានតម្លៃក៏សមរម្យទៀត ដែលអាចចៀសវាងទិញតាមផ្សារ ខ្លាចប៉ះចំទុរេននាំចូលពីក្រៅប្រទេស ឬក៏ដាក់ថ្នាំគីមីជាដើម។

គួរបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណ៥២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦,៦៥៦តោនក្នុង១ឆ្នាំ។

ដោយឡែក សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៥នេះ ដំណាំទុរេន -មានផ្ទៃដីដាំដុះសរុប ១,១០៩ហិកតា, ផ្ទៃដីប្រមូលផល ៦៦២ហិកតា, ទិន្នផលប្រចាំឆ្នាំ ១៦តោន/ហិកតា និងបរិមាណផលទទួលបានប្រមាណ ១០,៥៩២តោន៕