(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង០៤៖០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីហិង្សាមួយ បានកើតឡើងនៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឱ្យជនរងគ្រោះដួលសន្លប់បាត់បង់ស្មារតី ក្នុងពេលនោះ ក៏មានក្រុម១ផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ បានមកជួយក្រុមជនសង្ស័យ ដោយវាយមកលើក្រុមជនរងគ្រោះ រួចរត់គេចខ្លួនបាត់ នៅសល់ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសន្តិសុខប្រចាំនៅទីនោះ។
ជនសង្ស័យដែលឃាត់បាន សុទ្ធសឹងជាជនជាតិថៃ។ ក្រោយកើតហេតុ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់មកឃាត់ខ្លួន ១៖ ឈ្មោះ ណុបថាឡាត់ ប៉ាន ថានុន (NOPPAYAT PANTHANON) ភេទប្រុស អាយុ២១ឆ្នាំ, ២៖ ឈ្មោះ ផាណាត់ សូផាផាត់កូ ស៊ីន (THANAT SOPHAPHATKOSIN) ភេទប្រុស អាយុ២៤ឆ្នាំ, ៣៖ ឈ្មោះ ឆមីន នេនឌី (CHAI MIN NENDEE) ភេទប្រុស អាយុ២២ឆ្នាំ ហើយនាំមកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានវាយ ទៅលើជនរងគ្រោះបណ្តាលឱ្យដួលសន្លប់ពិតប្រាកដមែន ដោយសារជនរងគ្រោះ ទៅជល់កែវស្រាជាមួយសង្សាបងធំរបស់ពួកគេ បណ្តាលឱ្យបែកកែវ ទើបពួកខ្លួនវាយទៅលើជនរងគ្រោះតែម្តង។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕