(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសារមួយនៅលើបណ្ដាញសង្គម ដោយបញ្ជាក់អំពីភាពគឃ្លើនរបស់ទាហានឈុតខ្មៅថៃ ដែលបង្កបាតុភាពជាមួយកម្ពុជា នៅតំបន់ដែលមានជម្លោះ ក្នុងចេតនាញុះញង់ចង់បង្កើនកម្ដៅរវាងកងទ័ពប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងអំពីចេតនាប៉ុនប៉ងបង្កហេតុ ដោយទាហានឈុតខ្មៅថៃ បានយករូបបដិមាព្រះមកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមាន
ជម្លោះ។ សកម្មភាពនេះ និងទង្វើដ៏គឃ្លើនផ្សេងៗ ទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។
តាមរយៈបណ្ដាញសង្គម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖
«ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែលទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ។ សកម្មភាពនេះ និងទង្វើរដ៏គឃ្លើនផ្សេងៗ ទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។
ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាកទាំងស្រុងពីការអះអាងរបស់ពួកគេ។ កាយវិការ និងទង្វើទាំងនេះ មិនបានបង្ហាញពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញបែរជាទង្វើបង្កើននូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស។
ទង្វើ និងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបានលើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោលព្រំដែនជាមួយភាគីថៃត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិឡាអេ (ICJ)។
ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្នុងនាមជាខឿនការពារជាតិប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថាហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពានការរំលោភបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។
ពិសេស ស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា យើងត្រូវតែរួបរួមសាមគ្គីគ្នាដើម្បីការពារកិត្តិយសជាតិ ការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង ហើយគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីធានានិរន្តរភាពបានយូរអង្វែង ក្នុងការដោះស្រាយបញ្ហាបន្ទាត់ព្រំដែនកម្ពុជា-ថៃ»៕