(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំវេទិកាសាធារណ: របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៤ ដែលបានរៀបចំឡើងនៅបរិវេណវត្តចតុភក្ត្រាមង្គលឧត្តមមុនី (ហៅវត្តហារាម) ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការ អញ្ជើញជាអធិបតី ពីសំណាក់លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ, លោកស្រី គឹម ញិប អភិបាល នៃគណ:អភិបាលខណ្ឌដង្កោ ជាអនុប្រធានក្រុមការងារ ព្រមទាំង លោក លោកស្រីជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ និងប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ ព្រមទាំងសមាជិក សមាជិកាក្នុងអង្គវេទិកាទាំងមូលសរុបទាំងអស់ចំនួន ៧៩៤នាក់។

តាមរយៈវេទិកានាថ្ងៃនេះ បានផ្សព្វផ្សាយ បង្ហាញនូវសមិទ្ធិផលជាច្រើនដែលមូលដ្ឋានសម្រេចបានជាបន្តបន្ទាប់ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៀងវៃ និងពោរពេញដោយថាមពល និងបានធ្វើការឆ្លើយបំភ្លឺ បកស្រាយ ដោះស្រាយតាមលទ្ធភាព លើសំណូមពរ និងសំណើ របស់ប្រជាពលរដ្ឋ ចំនួន ៥២សំណើ (មានសំណូមពរផ្ទាល់មាត់ ចំនួន ០៥ និង លាយល័ក្ខអក្សរ ចំនួន ៤៧សំណូមពរ) ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅរកផលប្រយោជន៍រួមក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោក រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះចៅអធិការ ដែលគង់នៅវត្តហារាម ព្រមទាំងបានរៀបចំអាហារសម្រន់ចែកជូនដល់សមាជិក សមាជិកា និងក្រុមការងារទាំងអស់ក្នុងអង្គវេទិកា បានបរិភោគរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕