(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសបើកដំណើរការគម្រោងស្ដីពី «ការស្រាវជ្រាវនិងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹតនិងភាសាបាលីមកជាភាសាខ្មែរសម័យទំនើប» ដើម្បីគាស់កកាយទស្សនៈ និងប្រវត្តិសាស្រ្តល្អៗរបស់ដូនតាខ្មែរ យកមកបកប្រែជូនប្រជាជនកម្ពុជា បានដឹងនិងរៀនសូត្រពីដូចតារបស់ខ្លួន។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគម្រោងស្រាវជ្រាវនេះ មកកាន់បណ្ដាញព័ត៌មាន Fresh News។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ឱ្យដឹងថា៖ «ភាសាសំស្ក្រឹតនិងភាសាបាលី ដែលមាននៅក្នុងសិលាចារិកនីមួយៗ ប្រៀបដូចជាភាសាទេព ដែលបានចារិកភាសារបស់ថ្នាក់ដឹកនាំ ភាសាវាំង ភាសាព្រាហ្មបុរោហិត ភាសាសាសនា និងភាសាអប់រំ អ៊ីចឹងហើយទាំងអស់នេះយើងត្រូវតែឆ្កឹះចេញមកឱ្យមហាជនយើងបានដឹង និងយល់អំពីភាពដ៏អស្ចារ្យនៃមហានគរ។ ហេតុអ្វីគេធ្វើប្រាសាទបាន ហេយុគេធ្វើផ្លូវបានទាំងអស់នេះសុទ្ធតែមានចារិកនៅក្នុងសិលាចារិកនោះ ដែលយើងត្រូវតែដឹងព្រោះពីមុនមកយើងដឹងតាមរយៈបរទេស ហើយមិនប្រាកដថាភាសាបរទេសទាំងបកត្រូវអត្ថន័យដើមរបស់ដូចតាយើងកម្រិតណាឡើយ»។
ក្នុងនាមជាប្រធានគម្រោងស្រាវជ្រាវ លោកបណ្ឌិត ចង់ឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការសិក្សាស្វែងយល់ និងរៀនសូត្រ ជាពិសេសត្រូវបានថ្នាក់ដឹកដាក់បញ្ជូលក្នុងវិស័យអបរំរបស់កម្ពុជាយើងផងដែរ ព្រោះនាពេលបច្ចុប្បន្ននេះ មានការខ្វះខាតនូវអ្នកជំនាញផ្នែកភាសាសំស្ក្រឹតនិងភាសាបាលីនេះច្រើនណាស់។
សូមជម្រាបថា គម្រោង «ស្រាវជ្រាវនិងបកប្រែភាសាសំស្ក្រឹតនិងភាសាបាលី មកជាភាសាខ្មែរសម័យទំនើប»នេះ បានចាប់ផ្ដើមការងារពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ហើយបញ្ចប់ក្នុងរយៈពេល២៤ខែ។ នៅក្នុងកិច្ចការនេះមានសុទ្ធតែអ្នកជំនាញកម្ពុជាជាអ្នកបកប្រែផ្ទាល់ ដោយមិនមានអ្នកជំនាញបរទេសចូលរួមឡើយ។ ការដែលគ្មានអ្នកជំនាញបរទេសចូលរួម លោកបណ្ឌិត យង់ ពៅ ជាប្រធានគម្រោងបញ្ជាក់ថា ដោយសារអ្នកជំនាញកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបកប្រែប្រកបដោយភាពត្រឹមត្រូវតាមរសជាតិដើមរបស់ខ្មែរ៕