(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្រោមអធិបតីភាពលោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក.។
ក្នុងឱកាសនោះ លោក ក្រាញ់ តូនី បានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់លោក សុះ មុះសិន និងសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.។ លោកបានបញ្ជាក់ថា ក្រោយពីបញ្ចប់ការងារកាត់សេចក្តីសាលាក្តីខ្មែរក្រហមមក អ.វ.ត.ក. មានកេរដំណែលមួយដែលត្រូវផ្ទេរដល់យុវជនជំនាន់ក្រោយជាទំពាំងស្នងឬស្សី អាចសិក្សាស្វែងយល់ពីអតីតកាលដ៏ខ្មៅងងឹត ដើម្បីឈានដល់ការអភិវឌ្ឍប្រសើរឡើង។
លោកបានបញ្ជាក់ទៀតថា អ.វ.ត.ក. មានគោលដៅអប់រំឲ្យបានទូលំទូលាយបន្ថែមទៀតទៅដល់យុវជន ក្រៅពីបណ្ណាសារ អ.វ.ត.ក. មានរថយន្តចល័តទៅតាម២៥ខេត្តក្រុង ហើយដើម្បីសម្រេចបានគោលដៅមួយនេះ អ.វ.ត.ក. នឹងសហការជាមួយ ស.ស.យ.ក. ដែលនឹងចុះអនុសារណៈនាពេលបន្តិចទៀតនេះ។
ជាមួយគ្នានោះ លោក សុះ មុះសិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានសម្រេចសមិទ្ធផល ការងារនាពេលកន្លងមក។ លោកបានថ្លែងអំណរគុណទៅដល់ អ.វ.ត.ក. ដែលបានអនុញ្ញាតឲ្យ ស.ស.យ.ក. ចូលរួមសហការជាមួយដើម្បីសម្រេចបានគោលដៅរួម និងសមស្របទៅតាមចក្ខុវិស័យរបស់ ស.ស.យ.ក. ដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលទៅដល់យុវជន សិស្សានុសិស្ស ដែលនឹងក្លាយជាបញ្ញវន្ត ឲ្យបានសិក្សាស្វែងយល់ពីផ្លូវច្បាប់ និងប្រវត្តិសាស្រ្តដែលបានកើតឡើង ដើម្បីកុំឲ្យក្លាយជាអ្នកវង្វេងប្រវត្តិសាស្រ្ត។
លោកបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ នឹងបង្កើនកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា លើការងារចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវត្តិសាស្រ្ត នៃរបបកម្ពុជាប្រជាធិបតេយ្យពីអង្គជំនុំជំម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តាមរយៈកម្មវិធីរួមគ្នា នៃកម្មវិធីបណ្តុះបណ្តាលនានា មានដូចជា សិក្ខាសាលា ការបង្កើតកម្មវិធីរួមគ្នា ការស្រាវជ្រាវ ផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ ទស្សនកិច្ចសិក្សា កម្មវិធីរថយន្តចល័តក្នុងការផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងចំណេះដឹងច្បាប់ និងប្រវត្តិសាស្ត្រ៕