(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រទាំងរដ្ឋបាលខេត្តក្រចេះ និងក្រុមការងារបាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៣ វត្ត ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តមុនីសាគរ (វត្តដងកោង) ឃុំពង្រ ស្រុកឆ្លង ខេត្តក្រចេះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋខ្មែរច្រើនលើសលប់មានជំនឿនិងគោរពប្រតិបត្តិ ហើយព្រះពុទ្ធសាសនាបានផ្ដល់ការអប់រំផ្លូវចិត្តឱ្យយើងទាំងអស់គ្នាប្រព្រឹត្តនូវអំពើល្អ ចេះជួយយកអាសាគ្នា និងចេះសាមគ្គីគ្នា ទើបយើងរស់នៅក្នុងសង្គមមួយប្រកបដោយសុខដុមរមនា។ មិនតែប៉ុណ្ណោះ វត្តអារាមជាទីជម្រកសម្រាប់កូនអ្នកក្រីក្រដើម្បីស្នាក់នៅបន្តសិក្សារៀនសូត្រក្រេបចំណេះដឹង។
ដោយគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មែរក្រហម, ប្រធានក្រុមការងារ បានថ្លែងថា រដ្ឋាភិបាលបានធ្វើឱ្យសាសនាទាំងអស់រស់ឡើងវិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តកសាងអភិវឌ្ឍរីកចម្រើនឥតឈប់ឈរក្រោមដំបូលនៃសុខសន្តិភាព ហើយរហូតមកដល់ពេលនេះមានវត្តចំនួន ៥,១៤៥វត្ត និងមានព្រះសង្ឃ ៧៥,៥៥៦អង្គ ក្នុងនោះខេត្តក្រចេះមានវត្តចំនួន ១៩២វត្ត និងមានព្រះសង្ឃចំនួន ១,៦០៥អង្គ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគេនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមនៅក្នុងពិធីខាងលើនេះ ក៏ដូចជាប្រជាពលរដ្ឋខេត្តក្រចេះទាំងមូល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅពេលបុណ្យចូលវស្សាជារៀងរាល់ឆ្នាំ, ពុទ្ធបរិស័ទព្រមទាំងសប្បុរសជន អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំតែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យ៤ និងបច្ច័យកសាង មកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាជានៅរៀងរាល់ពិធីបុណ្យចូលព្រះវស្សា មិនដែលអាក់ខានឡើយ។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បាននអំពាវនាវដល់ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលខេត្ត ក្រុងស្រុកសហការគ្នារៀបចំប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានតាមសទ្ធាជ្រះថ្លារបស់ខ្លួន ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ជាអតីតយុវជនចេញមកពីជនបទស្នាក់នៅជាក្មេងវត្ត និងរស់នៅពឹងអាស្រ័យជាមួយព្រះពុទ្ធសាសនាជាង១០ឆ្នាំ ដើម្បីបន្តការសិក្សា ដោយពឹងអាស្រ័យទៅលើបាយបាតរបស់ព្រះសង្ឃ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ទីវត្តអារាម គឺជាកន្លែងមួយដែលផ្តល់ជាជ្រកដល់អ្នកទីទ័លក្រ កន្លែងផ្តល់នូវចំណេះដឹងដល់យុវជនកម្ពុជាជាច្រើនរូប ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ វត្តអារាមជាទីជម្រកស្នាក់អាស្រ័យរបស់សិស្ស-និស្សិតក្រីក្រ មកពីខេត្តមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួលផ្ទះបន្តការសិក្សានៅទីក្រុង។ វត្តជាទីពំនាក់អាស្រ័យ កុមារកំព្រា ចាស់ជរា សិស្សានុសិស្ស និងកូនចៅរបស់ប្រជារាស្រ្តក្រីក្រ៕