(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញនូវព្រះរាជសារ កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ថាជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់ ដែលបានផ្តួចផ្តើមដឹកនាំរៀបចំព្រះរាជពិធី «រុក្ខទិវា» ប្រកបដោយទេសភាពស្រស់ត្រកាល។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា ផ្ញើជូនសម្ដេចតេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

សារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូចតទៅ៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ដែលបានជួប សម្តេចអគ្គមហាសេនាបតីតេជោ ជាថ្មីម្តងទៀត ក្នុងព្រះរាជពិធី «រុក្ខទិវា» ដ៏មហោឡារិក នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ ខ្ញុំមានការពេញហឫទ័យណាស់ ចំពោះទីតាំងប្រារព្ធព្រះរាជពិធី «រុក្ខទិវា»នេះ ដែលប្រកបដោយទេសភាពស្រស់ត្រកាល មានរុក្ខជាតិដែលផ្តល់ផលប្រយោជន៍ដល់វិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកាន់តែល្អប្រសើរជាលំដាប់។

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាអគ្គមគ្គុទ្ទេសក៍ ដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត បានផ្តួចផ្តើមដឹកនាំរៀបចំព្រះរាជពិធី «រុក្ខទិវា» តាំងពីដើមរៀងមក ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានរៀបចំជាយូរយារមកហើយ ដែលជាវប្បធម៌ដ៏ប្រសើរ និងជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្ម ជាតិប្រកបដោយចីរភាព ហើយដែលក្នុងពីភពលោកយើងនេះកំពុងតែយកចិត្តទុកដាក់ធ្វើឱ្យប្រទេសនីមួយៗ មានភាពបៃតងស្រស់បំព្រង។ ការការពារព្រៃឈើ ជាការរក្សាជម្រកដ៏សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទ រក្សាទឹក និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ ។

ខ្ញុំមានហឫទ័យសោមនស្សរីករាយជាអនេកប្បការ ចំពោះសកម្មភាពដាំដើមឈើឡើងវិញ ជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់ មនុស្សជាតិគ្រប់រូបផងដែរ ហើយត្រូវបានព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ នឹងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេស បានចូលរួមដាំដើមឈើជាប្រចាំ ដោយមានទស្សនាទានរួម ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ក្នុងការបង្កើនធនធានធម្មជាតិ ដែលមានតម្លៃសម្បូរគ្រប់បែបយ៉ាង ធានាបានជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រ ដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង និងជាទីជម្រករបស់សត្វគ្រប់ប្រភេទរស់នៅ។

ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរមហាប្រសើរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា សូមទទួលបានមហាជោគជ័យថ្មីៗទៀត និងសូមបានប្រកបតែនឹងព្រះពុទ្ធព័រគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ»៕