(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) នៅខេត្តបាត់ដំបង ដែលសហការរៀបចំដោយកាកបាទក្រហមកម្ពុជា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ចូលរួមក្នុងក្បួនជិះកង់ ម៉ូតូ រ៉ឺម៉ក និងរថយន្ត ដោយប្រើគ្រឿងឧគ្ឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយពីសារ របស់(ម=ម ឬ U=U) ចាប់ផ្តើមពីបរិវេណរង្វង់មូលវិមានឯករាជ្យ កាត់តាមផ្សារណាត់ ឆ្លងស្ពានថ្មថ្មី ឆ្ពោះតាមផ្លូវជាតិលេខ៥ ហើយឆ្ពោះទៅកាន់មន្ទីរពេទ្យរកា ឃុំរកា ខេត្តបាត់ដំបង។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះក៏មានវត្តមាន លោក ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍, លោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម, លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង ព្រមទាំងមានតំណាងមកពី សហគមន៍អ្នកផ្ទុកមេរោគអេដស៍ថ្នាក់ឃុំ, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ, រដ្ឋបាលខេត្ត មន្ត្រី និងយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ២០អង្គភាព។
ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា, លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងព្រឹត្តិការណ៍ មស្មើម ជាលើកទី២ ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីបានធ្វើលើកទី១ កាលពីខែឧសភាកន្លងទៅនៅមុខប្រាសាទអង្គរវត្ត។
លោកស្រី បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីកាត់បន្ថយការរើសអើង និងមាក់ងាយទៅលើបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងសហគមន៍ ដែលជាសារមួយជួយជំរុញលើកទឹកចិត្ត ក្នុងការមកទទួលសេវាព្យាបាលជាប់លាប់ ដោយឱសថប្រឆាំងមេរោគអេដស៍ ជំរុញការមកធ្វើតេស្តឈាមនិងឆាប់ទទួលបានការព្យាបាល ដោយលើកកម្ពស់សិទ្ធិនិងការយល់ដឹងពីបញ្ហាមេរោគអេដស៍ ដល់ស្រទាប់មហាជន និងក្រុមប្រឈមមុខខ្ពស់។
លោកស្រីបន្ដថា «ក្នុងន័យនេះ បើនិយាយពីការមិនរើសអើង, គឺយើងមានព្រះរាជគំរូវីរភាពរបស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង, សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជកម្មវិធីជួបជាមួយអ្នកផ្ទុកមេរោគអេដស៍ ហើយជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ទាប់ពីបានទទួលគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០០៦រៀងមក គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានសកម្មភាពនៅតាមសហគមន៍ រោងចក្រ សហគ្រាស រួមជាមួយការចលនាឱ្យមានការបង្កើតច្បាប់អេដស៍នៅកន្លែងបំពេញការងារ និងជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលសកម្មភាពទាំងអស់នេះត្រូវបានទទួលស្គាល់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ»។
ឆ្លៀតក្នុងឱកាសនេះដែលលោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, រដ្ឋបាលខេត្តបាត់ដំបង, អង្គការសង្គមស៊ីវិល, សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងដៃគូនានា ដែលបានសហការគ្នារៀបចំឱ្យមានព្រឹត្តិការណ៍នេះកើតឡើង ជាពិសសក៏សូមអរគុណចំពោះលោកស្រី Kathryn Clarkson ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា ឡាវ ថៃ និងវៀតណាម ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកចូលរួមនាពេលនេះ។
Chetha, [07/09/2025 06:32 PM]
លោកស្រីបានគូសបញ្ជាក់ថា «ទោះបីជាមកទល់ពេលនេះ, កម្ពុជាយើងសម្រេចនូវលទ្ធផល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ប្រកបទៅដោយភាពជោគជ័យគួរជាទីមោទនៈ ពោលគឺកម្ពុជាត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាប្រទេសនាំមុខគេមួយនៅក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយមានការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលចាប់ពីអាណត្តិមុនៗរហូតមកដល់អាណត្តិទី៧នេះ និងមានការរួមបញ្ចូលយ៉ាងល្អពីក្រុមអ្នកប្រឈម និងជនរងគ្រោះដោយសារមេរោគអេដស៍ នៅក្នុងការឆ្លើយតប ដែលបានញ៉ាំងឱ្យកម្ពុជាឈានទៅសម្រេចបានគោលដៅ៩៥ទី២និង៩៥ទី៣មុនការកំណត់ (លើកលែងតែគោលដៅ៩៥ទី១ ដែលយើងទើបសម្រេចបាន៩២%) រួមផ្សំនឹងការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបង្កើតឱ្យមាននូវវិធីសាស្ត្រ និងយន្តការថ្មីៗជាច្រើនទៀត ដូចជាប្រឹបលេប, ប្រឹបចាក់(CAB-PrEP), ធ្វើតេស្ត និងការទទួលការព្យាបាលក្នុងថ្ងៃតែ១ យ៉ាងណាក៏ដោយ ក៏យើងឃើញថា យ៉ាងហោចណាស់នៅមានមនុស្ស៣នាក់ឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ»។
ព្រឹត្តិការណ៍នេះ ពិតជាមានអត្ថន័យ និងខ្លឹមសារខ្លាំងណាស់ដែលយើងសម្រេចយកខេត្តបាត់ដំបង ជាទីកន្លែងសម្រាប់ប្រារឰព្រឹត្ដិការណ៍ មស្មើម ហើយជាពិសេសការដង្ហែក្បួនឆ្ពោះទៅកាន់ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាទីតាំងធ្លាប់កើតមានសោកនាដកម្មនៃការឆ្លងរាលដាលនៃមេរោគអេដស៍កាលពីឆ្នាំ២០១៤ និងធ្លាប់និយាយថា «ថ្ងៃលិចនៅភូមិរកា» នោះជាការបង្ហាញដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញនិងកែប្រែឱ្យក្លាយទៅជា «ថ្ងៃរះនៅភូមិរកា» វិញ។
ទន្ទឹមនឹងនេះលោកស្រីក៏បានអំពាវនាវដល់បង-ប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់ ដើម្បីពិភាក្សាតាមដានសុខភាពឱ្យបានច្បាស់លាស់ ព្រោះភស្តុតាងវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា៖ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន (ម ស្មើ ម), នោះគឺ មានន័យថា៖
* អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ!
* អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា!
* អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ!
* អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង។
ជាទីបញ្ចប់លោកស្រីក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំមានការរើសអើង ឬមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ហើយចំពោះយុវជនជំនាន់ក្រោយសូមមានការប្រុងប្រយ័ត្ន ត្រូវបង្ការខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍មិនភ្លេចយើងទេ!»៕