(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បាននិយាយទៅកាន់រដ្ឋាភិបាលថៃ ឱ្យបានដឹងខ្លួនថា បើសិនជាមិនបញ្ជូនវត្ថុបុរាណមកកម្ពុជា តាមការកំណត់ នោះថៃ នឹងក្លាយជាប្រទេសអសីលធម៌សម្រាប់កិច្ចសហការណ៍អន្តរជាតិ និងចំពោះអង្គការបេតិកភណ្ឌពិភព។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មកកាន់បណ្ដាញព័ត៌មាន Fresh News។

ទន្ទឹមគ្នានេះ លោកបណ្ឌិត បានអះអាងថា ថៃ កំពុងតែប្រើប្រាស់នូវនយោបាយទុច្ចរិត មកលើកម្ពុជា នៅចំពោះភាពតានតឹងនយោបាយផ្ទៃក្នុងរបស់ខ្លួនផង និងភាពតានតឹងបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាផង តាមរយៈការចោទប្រកាន់តាមចាប់អ្នកឧកញ៉ា កុក អាន និងរឹកអូសនូវទ្រព្យសម្បត្តិជាច្រើនរបស់អ្នកឧកញ៉ា ដែលមាននៅក្នុងប្រទេសថៃ ដោយចោទប្រកាន់លើឧក្រិដ្ឋកម្មអនឡាញខុសច្បាប់ ទង្វើនេះប្រៀបដូចជាលើកដុំថ្មទម្លាក់លើជើងខ្លួនឯង។ នេះជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត យង់ ពៅ។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាខាងលើ បានសង្កត់ធ្ងន់ទៅកាន់ប្រទេសថៃថា អ្វីដែលថៃ បានធ្វើមកលើអ្នកជំនួញរបស់កម្ពុជានេះ នឹងធ្វើឱ្យមានការភ័យខ្លាចដល់អ្នកវិនិយោគជាច្រើនទៀត អាចនឹងរអាក្នុងការវិនិយោគ និងរស់នៅប្រទេសថៃ។

សូមជម្រាបថា ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បានប្រកាសមិនប្រគល់មកឱ្យកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរចំនួន២០ដុំ ដែលត្រូវបានលួចចេញពីប្រទេសកម្ពុជាកាលពីអតីតកាល ដោយសំអាងថា មិនមានថវិកាក្នុងការបញ្ជូនមកកម្ពុជាតាមការកំណត់ឡើយ៕