(សៀមរាប)៖ ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងករណីឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ «ខ្មែរ ខ្មែរ» (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ «ខ្មែរ ខ្មែរ» បង្ហោះនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេសុីលីដា ឈ្មោះ HONG PHEA (0972388041) និង ធនាគារ ABA ឈ្មោះ PHEA HONG (005881511) ដែលជាគណនីធនាគាររបស់ ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ដែលបានមកពីការឧបត្ថម្ភនានា។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមកខ្លួនបានទទួលប្រាក់ពីការបង្ហោះ ឆបោក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា ២លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ដើម្បីដោះស្រាយជីវភាព។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួយសប្បុរសទៅឱ្យពួកគេ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាពិចារណាឲ្យច្បាស់លាស់មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់នរណាម្នាក់ ចៀសវាងនូវការខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនជាយថាហេតុ និងរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ដោយការមិនចែករំលែកព័ត៌មានក្លែងក្លាយដល់អ្នកដទៃ ៕