(ភ្នំពេញ)៖ ជម្លោះបញ្ហាព្រំដែន ពេលនេះស្រាប់តែរាលដាលឆេះមកដល់ពាណិជ្ជករ ដែលជាវិធីសាស្ត្រប្រកបដោយភាពទុច្ចរិតបំផុតពីសំណាក់ប្រទេសថៃ។ ការចោទប្រកាន់របស់ថៃ ដាក់លើអ្នកឧកញ៉ា កុក អាន ត្រូវគេមើលឃើញថា វាគ្រាន់តែជាល្បិចទុច្ចរិតរបស់អ្នកដឹកនាំថៃ ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនតែប៉ុណ្ណោះ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅលើបញ្ហានេះ៖

នៅពេលដែលភាពតានតឹង កំពុងតែរាលដាលនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ល្បិចកលដ៏អាក្រក់មួយទៀតរបស់ថៃ បានលេចចេញឡើង ដោយធ្វើការចោទប្រកាន់តាមចាប់ពាណិជ្ជករដ៏ល្បីល្បាញម្នាក់ គឺអ្នកឧកញ៉ា កុក អាន។ ការចោទប្រកាន់របស់ថៃ ដាក់មកលើអ្នកឧកញ៉ា កុក អាន មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាផ្នែកនៃល្បិចនយោបាយដ៏កខ្វក់ ដើម្បីចង់ធ្វើអោយរូបភាពនយោបាយរបស់កម្ពុជា ត្រូវបានគេមើលទៅ ថាអាក្រក់ និងក្នុងគោលបំណងចង់បង្ខូចកិត្តិយសនិងសេដ្ឋកិច្ចកម្ពុជាថែមទៀត ខណៈឈ្មោះរបស់ប្រទេសថៃ នរណាក៏ស្គាល់ដែរថា ជាប្រទេសនៃសំបុកឧក្រិដ្ឋកម្មអនឡាញខុសច្បាប់នោះ។ នេះជាយុទ្ធសាស្ត្រចាស់គំរិល ដែលអ្នកនយោបាយថៃចូលចិត្តប្រើប្រាស់ នោះគឺបង្កជម្លោះជា មួយអ្នកជិតខាងខ្លួនឯងហើយ ថែមទាំងបង្កើតនូវរឿងបោកប្រាស់ថែមទៀត។

ការបង្កើតបទល្មើសដោយខ្លួនឯង ប៉ុន្តែបែរជាទម្លាក់កំហុសឱ្យអ្នកដទៃទទួលទោសជំនួសនេះ គឺជាល្បិច «ចោរស្រែក ចាប់ចោរ» ក្នុងពេលដែលទង្វើអាក្រក់របស់ថៃកំពុងស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ ដោយការយកប្រទេសដទៃឱ្យមករងគ្រោះជំនួសខ្លួនឯង។ ហើយសូម្បីតែពេលថ្មីៗនេះទៀត អតីតនាយករដ្ឋមន្ត្រីថៃ ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ថែមទាំងបានប្រើវិធីស្មោគគ្រោក ដោយមិនចង់ប្រគល់មកឱ្យកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរចំនួន២០ដុំ ដែលត្រូវបានលួចចេញពីប្រទេសកម្ពុជាកាលពីអតីតកាលនោះទៀតឡើយ។ ទាំងនេះ គឺជាវិធីសាស្ត្រ គ្មានភាពស្មោះត្រង់ និងនិងពិសពុលជាទីបំផុត។

* បើអ្នកឧកញ៉ា កុក អាន មានកំហុស ហេតុអ្វីទើបបានធ្វើនាពេលនេះ?

ចំណាត់ការភ្លាមៗ របស់តុលាការថៃលើអ្នកឧកញ៉ា កុក អាន បានចោទជាសំណួរជាច្រើន។ ប្រសិនបើអ្នកឧកញ៉ា កុក អាន ពិតជាមេខ្លោង នៃការលួចបន្លំតាមប្រព័ន្ធអ៊ីនធើណេតមែន ហេតុអ្វីបានជាអាជ្ញាធរថៃ រង់ចាំយូរម្ល៉េះ នៅក្នុងការធ្វើសកម្មភាព? ហេតុអ្វី ទើបបានធ្វើនៅពេលនេះ នៅចំពេលដែលជម្លោះព្រំដែនដ៏ក្តៅគគុក និងភាពតានតឹងកាន់តែខ្លាំងឡើងលើបញ្ហាវប្បធម៌ និងទឹកដី? តើហេតុអ្វីបានជាថៃ មិនចាប់ផ្តើមចាប់ខ្លួន ឬស៊ើបអង្កេតជាច្រើនឆ្នាំមុនមកនេះ?

ចម្លើយឆ្លើយតបនោះគឺថា វាជាល្បិចនយោបាយដ៏ខ្មៅកខ្វក់របស់មេដឹកនាំថៃ ពីព្រោះគោលដៅដ៏ធំរបស់គេនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសារតែពួកគេគិតថា អ្នកឧកញ៉ា កុក អាន ជាមនុស្សស្និទ្ធនឹងសម្តេចតេជោនៃប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍តាមបណ្តាញសង្គមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បាន បញ្ជាក់ថា បើអាជ្ញាធរថៃ សារព័ត៌មានថៃ និងមហាជនថៃ និយាយថា ការបង្រ្កាប និងការស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ដែលជិតសិ្នទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការថៃ ក៏គួរបើកការស៊ើបអង្កេតទៅលើលោក ថាក់ស៊ីន ផងដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំ ជិតសិ្នទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង»។ សម្តេចតេជោ ហ៊ុន សែន បានដាក់សំណួរទៀតថា «ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ដែរឬទេ?»

* សម្តេចតេជោ៖ «អ្វីដែលខ្ញុំខ្លាចបំផុត គឺប្រជាជនថៃ ស្រឡាញ់ ហ៊ុន សែន»!

នៅក្នុងបរិបទដែលថៃ កំពុងប្រើប្រាស់ការចោទប្រកាន់របស់តុលាការ និងវិធីសាស្ត្រផ្សេងៗដើម្បីវាយប្រហារមួលបង្កាច់បង្ខូចមកលើកិត្តិយសកម្ពុជា, បុរសខ្លាំងសម្តេចតេជោ ហ៊ុន សែន បានព្រមានយ៉ាងម៉ឺងម៉ាត់ក្នុងសារមួយចំពោះអ្នកនយោបាយ និងក្រុមអគតិថៃ មួយចំនួនខណៈពួកគេនៅតែបន្តធ្វើសកម្មភាពមិនសមហេតុផលដាក់មកលើថ្នាក់ដឹកនាំ របស់ព្រះរាជាណាចក្រកម្ពុជា។

គួរឲ្យកត់សម្គាល់ថា ថ្មីៗនេះខណៈដែលប្រទេសទាំងពីរកំពុងមានភាពតានតឹងកាន់តែកើន ឡើងនោះ វិទ្យាស្ថាន NIDA នៃប្រទេសថៃ បានរៀបចំធ្វើការស្ទង់មតិមួយ ដើម្បីការចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោបានថ្លែងថា៖ «វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀត ដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វី ដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃ អាចធ្វើរឿងបែបនេះបាន»។

ក្នុងសារដ៏មុតស្រួច និងជានិមិត្តរូបនៃទស្សនៈនយោបាយរបស់បិតាសន្តិភាពជាតិរបស់កម្ពុជា, សម្តេចតេជោ បានសរសេរថា ការស្ទង់មតិដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបសម្តេចនោះ វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះសម្តេចនោះទៅវិញទេ។ ប៉ុន្តែ «គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃ ស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះ គឺសត្រូវ វាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»

ទស្សនៈវិជ្ជារបស់បិតាសន្តិភាពជាតិកម្ពុជា គឺថាការប្រើវិធីស្ទង់មតិ ដើម្បីយកមតិប្រជាជនថៃវាយតម្លៃចំពោះមេដឹកនាំនៃប្រទេសដទៃនោះ គឺជាទង្វើដែលគ្មានអត្ថប្រយោជន៍អ្វីឡើយ ក្នុងការរួមចំណែកកសាងសន្តិភាពតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ប៉ុន្តែមានតែថៃទេ ដែលអាចធ្វើទៅរួច។

* ថៃ គឺជាមជ្ឈមណ្ឌលនៃបទល្មើសអន្ដរជាតិ

វាជាការពិតណាស់ នៅពេលដែលថៃកំពុងធ្វើការចោទប្រកាន់ដាក់គេដាក់ឯងតែពីសតែពាសនោះ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNODC ក៏បានបង្ហាញនូវការពិតបទល្មើសគ្រឿងញៀនដែលថៃមិនអាចបដិសេធបានឡើយ។ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ បានថ្លែងថា «ប្រទេសថៃ គឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុប ចេញពីតំបន់ត្រីកោណមាស»

យោងតាមរបាយការណ៍អង្គការដដែលនេះ ដែលបានចេញផ្សាយកាលពីចុងខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា «ថៃបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានរឹបអូសគ្រឿងញៀន methamphetamine ជាង១០០តោនកាលពីឆ្នាំ២០២៤»។ របាយការណ៍ បានបន្តថាគ្រឿងញៀនប្រភេទ methamphetamine ២៣៦តោន ត្រូវបានរឹបអូសកាលពីឆ្នាំ២០២៤ នៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ពោលគឺចំនួនកើនឡើង២៤% បើធៀបទៅនឹងឆ្នាំ២០២៣។

លោក Benedikt Hofmann អ្នកតំណាងស្ដីទីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិករបស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា «២៣៦តោន គឺជាគ្រាន់តែជាតួលេខត្រូវបានរឹបអូសប៉ុណ្ណោះ ប៉ុន្តែ methamphetamine មួយចំនួនទៀត ត្រូវបានចែកចាយនៅលើទីផ្សារងងឹតរួចទៅហើយ»។ របាយការណ៍ដដែលដដែល បានបញ្ជាក់ទៀតថា ខណៈថៃនៅតែជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ គ្រឿងញៀនមួយផ្នែកធំលើសលុប ត្រូវបានផលិតនៅក្នុងរដ្ឋសាន (Shan State) ប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍របស់អង្គការសហប្រជាជាតិទាំងនេះ ហើយ គឺជាសក្ខីកម្មបង្ហាញថាប្រទេសថៃ គឺជាមជ្ឈមណ្ឌលនៃការប្រព្រឹត្តបទល្មើស មិនមែនជាប្រទេសរងគ្រោះឡើយ។

ព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងជាខ្លាំងក្នុងការរកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ប៉ុន្តែកម្ពុជា បែរជាទទួលរងនូវផលវិបាកនៃភាពគ្មានច្បាប់របស់ប្រទេសថៃ ជាពិសេសនៅតាមបណ្តោយព្រំដែន។ រឿងដែលប្រទេសទាំង២ កំពុងមានភាពតានតឹងនឹងគ្នា គឺផ្តើមមកពីទង្វើឈ្លោះប្រកែកផ្ទៃក្នុង នៃអ្នកកាន់អំណាចថៃរវាងរដ្ឋាភិបាល និងក្រុមយោធា រហូតរាលដាលបង្កើតនូវសកម្មភាពឈ្លានពាន មកលើដែនអធិបតេយ្យជាតិខ្មែរ ដោយការបាញ់សម្លាប់ទាហានល្បាតរបស់កម្ពុជា នៅក្នុងតំបន់មុំបី នៃខេត្តព្រះវិហារ។ ក្រោយមក ដោយសារតែថៃ មិនអាចធ្វើអ្វីកម្ពុជាបានបើ ទោះបីជាប្រើសម្ពាធបិទច្រកព្រំដែន, គំរាមការកាត់ផ្ដាច់ភ្លើង កាត់អ៊ីនធឺណិត ហើយក្រោយមកទៀត ក៏បានរកល្បិចចោទកម្ពុជាថាជាប្រទេសដែលមានឧក្រិដ្ឋកម្មល្បែងអនឡាញខុសច្បាប់ទៀត ដែលធាតុពិត គឺប្រទេសថៃនោះទេ ដែលជាសំបុកនៃទង្វើឧក្រិដ្ឋកម្មអនឡាញ។

មេដឹកនាំថៃ គប្បីតែផ្តោត លើការដោះស្រាយជម្លោះផ្ទៃក្នុងជាតិរបស់ខ្លួនឯងឱ្យជ្រះស្រឡះ ជាជាងប្រើវិធីសាស្ត្រអាក្រក់ៗ ដាក់មកលើប្រទេសជិតខាងរបស់ខ្លួន។ ពិភពលោកបានមើល ឃើញនូវទង្វើល្បែង «ចោរ ស្រែកចាប់ចោរ» របស់ថៃនេះ យ៉ាងច្បាស់លាស់ហើយ ពីព្រោះល្បែងនយោបាយព្រួសឈាមដាក់អ្នកដទៃ គង់នឹងក្លាយជាចំណេះជិះកខ្លួនឯងវិញជាមិនខានឡើយ។

ក្នុងអំឡុងពេល ដែលថៃកំពុងប្រើប្រាស់ការចោទប្រកាន់តុលាការជាឧបករណ៍នយោបាយប្រឆាំងនឹងអ្នកឧកញ៉ា កុក អាន ជាមួយនឹងការបង្កភាពស្មុគស្មាញកាន់តែខ្លាំងដាក់មកលើកម្ពុជា, បុរសខ្លាំងតេជោ សែន បានថ្លែងកត់សម្គាល់នូវល្បិចរបស់ថៃដ៏គួរឱ្យអស់សំណើច ដែលព្យាយាមបោះដុំភ្លើង ដែលថៃបានសាងមកឱ្យកម្ពុជាទទួលរងគ្រោះ ប៉ុន្តែបែរជាដុំភ្លើងនោះ ឆេះរលាកខ្លួនឯងទៅវិញ។ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម បានបញ្ជាក់យ៉ាងនេះថា៖ «ថៃលើកដុំថ្ម ទម្លាក់លើជើងខ្លួនឯងហើយ!»