(ភ្នំពេញ)៖ លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ទុកថា ករណីថៃកសាងប្រាសាទសីហនគរ (Siha Nakhon) នៅក្នុងវត្តភូម៉ានហ្វា (Phu Man Fah) ដោយចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរ គឺជារឿងមិនអាចទទួលយកបាន។
លោកបានបន្តថា ការចម្លងសិល្បៈវប្បធម៌ វប្បធម៌ប្រពៃណី និងអក្សរសាស្ត្ររបស់ខ្មែរ ពីប្រទេសថៃ មិនមែនជារឿងថ្មីទេ គឺតាំងពីដូនតាថៃមកម្ល៉េះ។ ថៃក៏ត្រូវបានពិភពលោកថ្កោលទោសដែរ ចំពោះករណីថៃកសាងប្រាសាទសីហនគរ (Siha Nakhon) នៅក្នុងវត្តភូម៉ានហ្វា (Phu Man Fah) ដោយចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរ។
ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah ត្រូវបានសាងសង់ឡើងកាលពីអំឡុងឆ្នាំ២០២១ ដោយបានចម្លងប្លង់ និងរចនាបទប្រាសាទអង្គរវត្តរបស់ខ្មែរទាំងស្រុង។ ភ្លាមៗក្រោយលេចឮដំណឹងនេះ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងវប្បធម៌កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយផ្អែកតាមការបំភ្លឺរបស់ចៅអធិការវត្ត Phu Man Fah ថា ការសាងសង់ប្រាសាទសីហនគរ ពុំបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបទស្ថាបត្យកម្ម ដូចគ្នាទៅនឹងប្រាសាទអង្គរវត្តនោះទេ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង។
ក្រោយមកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងវប្បធម៌កម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងជុំវិញការសាងសង់សំណង់នៅវត្តភូម៉ានហ្វា និងដោយបញ្ជាក់ថា ក្រុមការងារក្រសួងបានតាមដានជាប់ជាប្រចាំ ដោយផ្តោតលើសកម្មភាពទំនាក់ទំនងការទូត ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពពេលនោះ អ្នកជំនាញចុះទៅពិនិត្យឃើញថា សំណង់នោះមិនទាន់មានការសងសង់បន្ថែមនៅឡើយ។
ក្រោយមក នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណ និងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។
លោក រ័ត្ន សណ្តាប់ បានបញ្ជាក់យ៉ាងដូច្នេះ «ថៃខ្វះសីលធម៌នោះនៅត្រង់ថា គេចម្លងសម្បត្តិវប្បធម៌ សម្បត្តិបេតិកភណ្ឌរបស់ខ្មែរ តែថៃពុំហ៊ានទទួលស្គាល់ការណ៍ពិតទេ បែរជាឆ្លើយថា អ្វីដែលគេសាងសង់តាមការយលសប្តិរបស់គេ (ចៅអធិការវត្ត) ទៅវិញ។ ជាជាតិសាសន៍មួយក្រឡិចក្រឡុច គួរឲ្យខ្មាសអៀនណាស់»។
សម្រាប់លោក រ័ត្ន សណ្តាប់ គឺបានបង្ហាញសេចក្តីហួសចិត្ត ចំពោះការបំភ្លឺរបស់ព្រះចៅអធិការវត្តភូម៉ានហ្វា ដោយចាត់ទុកថា នេះជាការបំភ្លឺមិនសមភេទជាសង្ឃ កាន់ព្រះពុទ្ធសាសនាឡើយ ព្រោះសាសនាព្រះពុទ្ធបង្រៀនឲ្យពោលពាក្យពិត និងមានសេចក្តីថ្លៃថ្នូរក្នុងខ្លួន។ លោកបានបន្តថា ជាតិសាសន៍ខ្មែរ គឺជាជាតិសាសន៍ស្មោះត្រង់ ខុសពីជាតិសាសន៍ថៃ។
លោក រ័ត្ន សណ្តាប់ ក៏បានអះអាងថា ថៃជាជាតិសាសន៍ដែលទទួលឥទ្ធិពលវប្បធម៌ប្រពៃណី អក្សរសាស្ត្រ និងសាសនាពីខ្មែរដោយផ្ទាល់ មិនមែនពីឥណ្ឌាទេ ប៉ុន្តែបែរជាមិនទទួលស្គាល់ទៅវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត Mounir Bouchenaki អ្នកជំនាញអាដហុក (Ad hoc Expert) នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការការពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានថ្លែងបង្ហាញការមិនពេញចិត្ត ដែលទម្រង់ប្រាសាទអង្គរវត្ត ត្រូវបានថៃចម្លង ដោយសំណង់នោះដាក់ឈ្មោះថា Siha Nakhon ។ លោកបណ្ឌិតថ្លែងបែបនេះ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប៕