(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោក លឹម សុជាតិ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសមជាមួយ លោក Jeon Junmo អនុប្រធាននាយកប្រតិបត្តិ ធនាគារ ឌីជីប៊ី និងសហការី នៅស្នាក់ការកណ្តាលធនាគារ ឌីជីប៊ី រាជធានីភ្នំពេញ។

ថ្លែងក្នុងជំនួបនេះ លោក លឹម សុជាតិ បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអរគុណពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចំពោះគណៈគ្រប់គ្រងធនាគារ ដែលតែងតែបាន និងកំពុងចូលរួមឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត។ បន្ថែមពីនោះ លោកបានគូសបញ្ជាក់ថា សកម្មភាពដ៏ប្រពៃនេះ បានចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ឲ្យស្របទៅតាមតម្រូវការនៃការវិវត្តនៃសង្គម និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ គឺជាលើកទី៣ ដែលធនាគារ ឌីជីប៊ី បានចូលរួមជាមួយសមាគម អ.ម.ត តាមរយៈការឧបត្ថម្ភថវិកា សម្រាប់រយៈពេល៥ឆ្នាំ (ក្នុងមួយឆ្នាំ ចំនួន៦ម៉ឺនដុល្លារអាម៉េរិក) ដែលនេះបានបង្ហាញពីឆន្ទៈចូលរួមជាមួយសមាគម អ.ម.ត ក្នុងការពង្រឹង និងកសាងសមត្ថភាពសិស្ស-និស្សិត ឲ្យទទួលបានជំនាញមួយយ៉ាងច្បាស់លាស់ សំដៅរួមចំណែកដល់ការកសាងមូលធនមនុស្សនៅកម្ពុជា៕