(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបប្រុងប្រយ័ត្នចំពោះគណនីហ្វេសប៊ុកឈ្មោះ «ខ្មៃរ ខ្មែរ» ដែលផ្សព្វផ្សាយឆបោក កៀរគរថវិកាពីសប្បុរសជន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអះអាងថា នាពេលថ្មីនេះ ខ្លួនសង្កេតឃើញថា គណនីហ្វេសប៊ុកឈ្មោះ «ខ្មៃរ ខ្មែរ» បានផ្សព្វផ្សាយព័ត៌មានឆបោក សប្បុរសជន តាមបណ្តាញទំនាក់ទំនងសង្គម ដោយធ្វើការផ្សព្វផ្សាយកៀរគរថវិការ ជូនដល់វីរះកងទ័ព ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ, ផ្សព្វផ្សាយពីទុរគតជនខ្វះខាតថវិកា ក្នុងការទិញក្តាមម្ឃូសអោយប្តីដែលបានបាត់បង់ជីវិត, ផ្សព្វផ្សាយឆបោកដោយប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើការកាត់តរូបភាពកុមារកំព្រាឳពុកម្តាយ ដើម្បីឆបោក សប្បុរសជន និងភ្ជាប់ជាមួយ រូបភាព QR កូដដើម្បីទទួលប្រាក់ពីសប្បុរជន។
បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងធ្វើការកំណត់ និងស្រាវជ្រាវគណនីខាងលើ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញបានថាជាករណីផ្សព្វផ្សាយព័ត៌មាន ឆបោកសប្បុរសជនពិតប្រាកដមែន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមថវិការផ្សេងៗ ក្នុងនាមជាសប្បុរសជន ក្រោមរូបភាពកៀរគរថវិការដែលគ្មានប្រភពផ្លូវការច្បាស់លាស់៕