(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានថ្លែងថា ក្នុងនាមជាមេភូមិ ជាចៅសង្កាត់ និងក្នុងនាមអាជ្ញាធរ ដែលជាអ្នកបម្រើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាមដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងសូមឱ្យមន្ត្រីយើង យកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារបម្រើប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោក ថេង សុថុល បានធ្វើឡើងនាព្រឹកទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយមេភូមិ ចៅសង្កាត់ នៃខណ្ឌ ៧ ​មករា។ ដោយមានកាេចូលរួមពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងលោកនាយករដ្ឋបាល ព្រមទាំងមេភូមិទាំង៦៦ និងចៅសង្កាត់ទាំង៨ផងដែរ។

ក្នុងឱកាសនោះ លោក ថេង សុថុល បានស្នើឱ្យលោកប្រធានភូមិទាំ៦៦ ក្នុងមូលដ្ឋានខណ្ឌ ៧មករា ឡើងរាយការណ៍ពីលទ្ធផលការងារនានាដែលសម្រេចបាន និងលើកឡើងពីចំណុចខ្វះខាត សំណូមពរ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ។

លោក ថេង សុថុល បានលើកឡើងថា មន្ត្រីជាមេភូមិ ចៅសង្កាត់ ដែលកើតចេញពីមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឱ្យបានល្អ តាមរយៈការផ្សព្វផ្សាយអប់រំ ណែនាំពួកគាត់ឱ្យបានច្រើន ហើយសកម្មភាព នៃការរៀបចំសណ្តាប់ធ្នាប់នេះ ត្រូវតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

លោក ថេង សុថុល បានណែនាំឱ្យមេភូមិ និងចៅសង្កាត់ចុះអប់រំ ណែនាំប្រជាពលរដ្ឋជាប្រចាំ កុំឱ្យពួកគាត់បោះសំរាមចោល ត្រូវទុកដាក់ក្នុងធុង ពិសេសចំពោះករណីដាក់ផ្ញើម៉ូតូ ហូរហៀរមកលើទ្រូងផ្លូវបង្កការកកស្ទះចរាចរណ៍។ បន្ថែមពីនេះ ត្រូវធ្វើអ្វីៗ ដើម្បីបម្រើប្រជាពលរដ្ឋ ដោយកុំគិតថា រឿងនេះ រឿងនោះតូចតាចឱ្យសោះរឿងតូចតាចនេះហើយ ជាការសន្សំពិន្ទុរបស់យើង ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋដោយផ្ទាល់។

លោក ថេង សុថុល បានលើកឡើងថា មេភូមិ ចៅសង្កាត់ ប្រៀបដូចជាម៉ែ ជាឪ របស់ប្រជាពលរដ្ឋ ហើយយើងមើលថែពួកគាត់ដូចកូនចៅ ដូចគ្រួសារយើង ហើយបើប្រជាពលរដ្ឋជួបការលំបាកអ្វី គឺមេភូមិ ចៅសង្កាត់ ត្រូវចុះទៅដល់បញ្ហា បើទោះបីកម្រឹតយើងដោះស្រាយក៏ដោយ ប៉ុន្តែ យើងបានទៅដល់បញ្ហាមុន យើងបានជំរាបជូនគាត់ពីបញ្ហា ដើម្បីឱ្យគាត់បានយល់ ហើយគាត់បានអស់ចិត្ត។ ព្រោះមេភូមិ ចៅសង្កាត់ ប្រៀបដូចជាអាណាព្យាបាលរបស់ពួកគាត់ ហើយគាត់ក៏ដឹងថាអាជ្ញាធរនៅជាមួយគាត់ជានិច្ច។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា អ្នកដែលអភិវឌ្ឍន៍ប្រទេសជាតិ រក្សាសន្តិភាព និងការពារបូរណៈភាពទឹកដី គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។

លោក ថេង សុថុល ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះមន្ត្រីជាមេភូមិ ចៅសង្កាត់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់មេភូមិទាំង៦៦ ពាក់ព័ន្ធសំណូមពររបស់មេភូមិ ដើម្បីឱ្យជួយដោះបញ្ហានៅក្នុងមូលដ្ឋាន។ លោកបានឯកភាព និងទទួលយកទាំងអស់ដោយអនុវត្តជាជំហ៊ានៗ ក្នុងនាមអាជ្ញាធរ សូមឱ្យមេភូមិ ចៅសង្កាត់ បន្តយន្តការបម្រើដើម្បីឱ្យគាត់មានភាពកក់ក្តៅដល់ប្រជាពលរដ្ឋ៕