(ហ្សឺណែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (World Summit on the Information Society-WSIS +20 High-Level Event 2025) នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ ជាការជួបជុំរបស់ដៃគូអន្តរជាតិទាំងអស់ ដើម្បីពិនិត្យលទ្ធផលរយៈពេល ២០ក្រោយការបង្កើតនាកិច្ចប្រជុំ WSIS នៅទុយនីសកាលពីឆ្នាំ២០០៥ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីប្រមាណ៦០រូប អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ តំណាងជាន់ខ្ពស់អង្គការយូណេស្កូ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) តំណាងនិយ័តករប្រមាណ៤០រូប តំណាងទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិប្រមាណ៥០ រួមទាំងអ្នកចូលរួមជាច្រើនប្រទេសប្រមាណ៤០០០នាក់។
កិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥នេះ ក៏មានកម្មវិធីអមមួយចំនួនរួមមាន “កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥” (AI for Good Global Summit 2025) “វេទិកាហ្វ្រង់កូហ្វូនីស្ដីពីអភិបាលកិច្ចឌីជីថលនិងបញ្ញាសិប្បនិម្មិត” (Forum Francophone sur la gouvernance du numérique et de l’IA) និង “វេទិកាការតភ្ជាប់ហ្ស៊ីហ្កា ឆ្នាំ2025” (GIGA Connectivity Forum 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
គួររំលឹកផងដែរថា កិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) បានចាប់ផ្ដើមកាលពីពីរទស្សវត្សរ៍មុន នៅពេលប្រព័ន្ធអ៊ីនធឺណិត និងវេបចាប់ផ្ដើមរីកសាយបន្តិចម្ដងជុំវិញពិភពលោក។
កិច្ចប្រជុំកំពូលលើកទី១នៅហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ២០០៣ និងកិច្ចប្រជុំកំពូលនៅក្រុងទុយនីស ប្រទេសទុយនេស៊ី ឆ្នាំ២០០៥ បានកំណត់ចក្ខុវិស័យនៃ “សង្គមព័ត៌មាន” តភ្ជាប់ដោយអ៊ីនធឺណិតដែលលើកតម្កើងមនុស្សជាតិ ប្រកបដោយបរិយាបន្ន និងគាំទ្រដំណើរការអភិវឌ្ឍ៕