(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥, រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះជិត ១.៥លាននាក់ ដែលក្នុងនោះអ្នកមានបណ្ណសមធម៌ចំនួនប្រមាណជាង ៤៤ ម៉ឺននាក់ និងសមាជិកប.ស.ស. ចំនួនជាង ៩៧.៣ម៉ឺននាក់ ដោយបានចំណាយថវិការដ្ឋប្រមាណ ២០៦ ប៊ីលានរៀល ឬប្រមាណ៥៤ លានដុល្លារអាម៉េរិក។
លោកបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ដូចនេះ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសអញ្ជើញផ្ដល់របាយការណ៍ និងចំណាប់អារម្មណ៍ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ដជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។
ជាមួយគ្នានោះ លោកបណ្ឌិត ចន ណារិទ្ធ បានគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានបង្កើត និងសម្រេចដាក់ឱ្យអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ ដែលជាកម្មវត្ថុនៃការរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដ៏មានអត្ថន័យថ្ងៃនេះ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាការពង្រីកវិសាលភាពបន្ថែមនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។
បណ្ឌិត ចន ណារិទ្ធ ក៏បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៩ មក, រាជរដ្ឋាភិបាលដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាសេនាធិការ បានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ជូនក្រុមគោលដៅ និងបានពង្រីកវិសាលភាព ជាបន្តបន្ទាប់ ដែលរួមមាន៖ ស្ត្រី និងកុមារអាយុក្រោម ២ឆ្នាំ មកពីគ្រួសារក្រីក្រមានបណ្ណសមធម៌, កម្មករនិយោជិតជាស្រ្ដី ដែលជាសមាជិក ប.ស.ស. និងកូនអាយុក្រោម ២ឆ្នាំ, មន្រ្ដីរាជការ មន្រ្តីកិច្ចសន្យា និងមន្រ្ដីកម្មសិក្សាជាស្រ្ដី និងកូនអាយុក្រោម ២ឆ្នាំ, មន្ត្រីនគរបាលជាតិ និងមន្រ្ដីពន្ធនាគារ ជាស្រ្ដីដែលជាសមាជិក ប.ស.ស និងកូនអាយុក្រោម ២ឆ្នាំ, និងស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ ដែលនឹងត្រូវ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងព្រឹកនេះ ជាការពង្រីកវិសាលភាពលើកទី៤។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី, ក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បាននិងកំពុងសម្របសម្រួលការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិជាស្ត្រី នៅពេលខាងមុខផងដែរ។
លោកបណ្ឌិត ចន ណារិទ្ធ បន្ថែមថា ស្របតាមការចង្អុលបង្ហាញ របស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងជាមួយនឹងការគិតគូរយ៉ាងមធ្យ័ត លើការផ្ដល់អត្ថប្រយោជន៍ជូនពលរដ្ឋគោលដៅ ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់», កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់ជនជាប់ឃុំជាស្ត្រី និងកូនអាយុក្រោម ២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ ត្រូវដាក់ឱ្យអនុវត្តជាកម្មវិធីជាតិជំនួយសង្គម ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះខាតអាហារូបត្ថម្ភរបស់កូន តាមម្តាយនៅក្នុងពន្ធនាគារ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ សំដៅជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ជាពិសេស ក្នុងអំឡុង ១ ០០០ ថ្ងៃដំបូងនៃជីវិត ព្រមទាំងជួយសម្រួលបន្ទុកចំណាយដល់ក្រុមគោលដៅ និងផ្តល់ការគាំពារដល់កូនដែលមិនមានទោស តែត្រូវតាមម្តាយមករស់នៅក្នុងពន្ធនាគារ ហើយការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានគិតគូរល្អិតល្អន់គ្រប់ទិដ្ឋភាព រួមមានដ្ឋភាពគោលនយោបាយ និងបច្ចេកទេស, ទិដ្ឋភាពយេនឌ័រ និងសិទ្ធិមនុស្សជាមូលដ្ឋានប្រកបដោយសមធម៌ បរិយាបន្ន និងមិនមានការការរើសអើង៕