(ភ្នំពេញ)៖ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទន្ទឹមនឹងភាពមមាញឹកក្នុងការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងមុខងារសាធារណៈ បានប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ក្នុងការធានានូវការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការធានានូវប្រសិទ្ធភាព នៃការគ្រប់គ្រងថវិការដ្ឋ។

* ទី១៖ ការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភ ត្រូវបានអនុវត្តតាមគណនីរបស់មន្ត្រី ទាន់ពេលវេលា ទៀងទាត់ និងរៀងរាល់២សប្តាហ៍ម្តង។ ដោយឡែកនៅក្នុងខែ ដែលមានពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទទួលបានបៀវត្ស និងប្រាក់ឧបត្ថម្ភ មុនពេលពិធីបុណ្យ និងទទួលបានការបើកផ្តល់មុនកាលកំណត់ថែមទៀតនៅក្រោយពិធីបុណ្យ។

ការរៀបចំបើកផ្តល់ទាន់ពេលទៀងទាត់ និងឆាប់រហ័សនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរស់នៅ និងសេចក្តីត្រូវប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។

* ទី២៖ ការគ្រប់គ្រងការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព និងការធានានូវការប្រើប្រាស់ថវិកាដោយត្រឹមត្រូវ។ ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំនូវយន្តការតាមដាន និងត្រួតពិនិត្យជាប្រចាំ លើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីធានាថា ថវិកាសម្រាប់បៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងចំគោលដៅកំណត់ដោយលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាបាល។

ក្នុងស្ថានភាពដែលមានការបើកបៀវត្ស ឬប្រាក់ឧបត្ថម្ភមិនស្របតាមគោលការណ៍ ដោយហេតុការផ្តល់ព័ត៌មានដល់អង្គភាពមិនទាន់ពេលវេលា ពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពមន្ត្រី ឬការបំពេញឯកសារមិនបានស្របតាមការកំណត់ ដូចជាករណី មរណភាព ការស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការស្ថិតក្រៅក្របខ័ណ្ឌដើម ការចូលនិវត្តន៍ ការឈប់សម្រាកពីការងារជាដើម ត្រូវបានតាមដាន និងត្រួតពិនិត្យជាប្រចាំដោយក្រសួងមុខងារសាធារណៈ។ ករណីមានការបើកហួស ក្រសួងមុខងារសាធារណៈបានជំរុញឲ្យអង្គភាព នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការបង្វិលសាច់ប្រាក់ចូលក្នុងថវិកាជាតិវិញ។ កិច្ចការនេះ ត្រូវបានយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ។

ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ បាននិងកំពុងពិនិត្យឡើងវិញ ដើម្បីកែលម្អបែបបទ និងនីតិវិធីនៃការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភ ពិសេសតាមរយៈការអភិវឌ្ឍប្រព័ន្ធឌីជីថល នៃការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាសម្រាប់បៀវត្ស និងប្រាក់ឧបត្ថម្ភឲ្យកាន់តែប្រសើរ ស្របតាមវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល៕