(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ គឺជាខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥)។ ក្នុងរយៈពេល៣២ឆ្នាំមកនេះ កងរាជអាវុធហត្ថ បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ដោយបានបង្ហាញអំពីប្រវត្តិនៃការបង្កើតកងរាជអាវុធហត្ថ, សមិទ្ធផលស្នាដៃរបស់កងរាជអាវុធហត្ថ និងទិសដៅផែនការសកម្មភាពបន្ដរបស់ខ្លួន ជាពិសេសការប្ដេជ្ញាចិត្តអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រមុខនៃរាជរដ្ឋាភិបាល។

សូមជម្រាបថា ក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣២ឆ្នាំនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ពិធីនេះ នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី ខាងក្រោមនេះ៖