(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាអំឡុងពេលអញ្ជើញចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ នឹងធ្វើការពិនិត្យលើវឌ្ឍនភាព និងការអនុវត្ត យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៥ នៅប្រទេសឡាវ ព្រមទាំងពិភាក្សាអំពីទិសដៅអនាគត សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។

នៅថ្ងៃបន្ទាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ រដ្ឋមន្ត្រីការបរទេស នឹងធ្វើការពិនិត្យវាយតម្លៃវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ស្ថិតក្រោមផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈអំពីទិសដៅយុទ្ធសាស្ត្រនៃផែនការ សកម្មភាពមេគង្គ-កូរ៉េឆ្នាំ២០២៦-២០៣០៕