(កំពង់ឆ្នាំង)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរស្រុកបរិបូរណ៍ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះដោះស្រាយសម្របសម្រួលករណីវិវាទការបិទផ្លូវមួយកន្លែង ស្ថិតក្នុងឃុំពពេល ស្រុកបរិបូណ៌ តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការចុះដោះស្រាយ និងសម្របសម្រួលករណីបិទផ្លូវមួយកន្លែង ស្ថិតនៅស្រុកបរិបូណ៌ខាងលើនេះ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ អាវុធហត្ថលើផ្ទៃប្រទេស និងលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានទទួលសំណើ និងសំណូមពរពីពលរដ្ឋដោយផ្ទាល់ ពាក់ព័ន្ធនិងករណីមានការបិទផ្លូវសាធារណៈមួយកន្លែង ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតំបន់នោះ មិនមានផ្លូវចូលទៅធ្វើបុណ្យទាននៅសាលាបុណ្យមួយកន្លែងដែលស្ថិតនៅទីនោះ និងប្រជាកសិករមួយចំនួនជួបការលំបាក ដោយមិនមានផ្លូវចូលទៅធ្វើស្រែចំការនៅទីនោះផងដែរ។

លោក ហ៉ើង ពុទ្ធារិទ្ធ ប្រធានការិយាល័យភូមិបាលស្រុកបរិបូណ៌ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ករណីវិវាទការបិទផ្លូវមួយកន្លែងស្ថិតក្នុងឃុំប្រពេលស្រុកបរិបូណ៌ខាងលើនេះ គឺមន្ត្រីអាវុធហត្ថម្នាក់នៅស្រុកបរិបូណ៌ជាអ្នកបិទ ដោយ សារតែគាត់បានអះអាងថា ដីផ្លូវនោះស្ថិតនៅក្នុងប័ណ្ណកម្មសិទ្ធិស្របច្បាប់របស់គាត់ ទើបគាត់បិទជាបណ្ដោះអាសន្នដើម្បីស្នើសុំទៅមន្ត្រីជំនាញធ្វើការស្វែងរកបង្គោលព្រំដីឲ្យបានច្បាស់លាស់សិន ចៀសវាងថ្ងៃក្រោយមានបញ្ហាឬមា នការយល់ច្រឡំថា គ្រួសាររបស់គាត់រំលោភបំពានដីផ្លូវសាធារណៈ។

បន្ទាប់ពីមានការសម្របសម្រួលពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកបរិបូណ៌ ភាគីម្ចាស់ដី បានយល់ព្រមបើកផ្លូវនោះឲ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្ន ហើយម្ចាស់ដី និងធ្វើសំណើទៅខាងមន្ទីរ ដែនដីដើម្បីស្នើសុំស្វែងរកព្រំកំណត់ប្រឡាយ និងទីតាំងដីជូនគាត់ឱ្យបានច្បាស់លាស់ តែជាដំបូងក្រុមការងារចុះដោះស្រាយគឺស្នើសុំឲ្យម្ចាស់ដីបើកផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើដំណើរសិន ភាគីម្ចាស់ដីក៏បានយល់ព្រមទៅតាមសំណើ របស់ក្រុមការងារផងដែរ។

លោកវរសេនីយ៍ឯក ហង្ស សុជាតិ មានបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីចុះដោះស្រាយ និងសម្របសម្រួលការបិទផ្លូវនៅស្រុកបរិបូណ៌ គឺអនុវត្តតាមបទបញ្ជារបស់លោកអភិ បាលខេត្ត និងនាយឧត្តមសេនីយ៍ សៅ សុខា ទើបនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងលោករួមទាំងក្រុមការងារ សហការជាមួយអាជ្ញាធរ ស្រុកបរិបូណ៌ ចុះធ្វើការដោះស្រាយ និងសម្របសម្រួលជាមួយភាគីទាំងសងខាង។

ជាលទ្ធផល គឺភាគីបិទផ្លូវបានព្រមព្រៀងបើកផ្លូវឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឡើងវិញផងដែរ។ ជាមួយគ្នានោះដែរ លោកមេបញ្ជាការអាវុធហត្ថខេត្ត ក៏បានសន្យាថា នឹងជួយចាក់ដីធ្វើផ្លូវ ដោយចេញពីផ្លូវជាតិលេខ៥ ចូលទៅសាលាបុណ្យនៅទីនោះ ដែលមានចម្ងាយប្រមាណ១០០ម៉ែត្រ ដោយឡែកមន្ត្រីអាវុធហត្ថរបស់លោកដែលបានបិទផ្លូវនោះជាបណ្ដោះអាសន្ន ក៏សន្យាថា នឹងបើកផ្លូវជូនប្រជាពលរដ្ឋឱ្យបានធ្វើដំណើរឡើងវិញ ហើយសន្យាថានឹងរួមចំណែកជួយចាក់ដីធ្វើផ្លូវប្រមាណ ៣០-៤០ឡានបន្ថែមទៀតផងដែរ។

ដោយឡែកលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ករណីវិវាទការបិទផ្លូវមួយកន្លែងខាងលើនេះ ដោយសារតែភាគីដែលបានបិទផ្លូវនោះបានអះអាងថា ដីនោះស្ថិតនៅក្នុងប័ណ្ណកម្មសិទ្ធិស្រ បច្បាប់របស់គាត់ តែក្រោយមកដោយមានការស្នើសុំពីថ្នាក់ដឹកនាំ ពិសេសមានការសម្របសម្រួលពីអភិបាលខេត្ត និងនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់ដី ដោយសុំឲ្យម្ចាស់ដីធ្វើ ការបរិច្ចាគដីជូនប្រជាពលរដ្ឋដើម្បីបានធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋចូលទៅធ្វើបុណ្យទានឡើងវិញ ទើបម្ចាស់ដីក៏មានការឯកភាពតាមការស្នើសុំរបស់ថ្នាក់ដឹកនាំដោយយល់ព្រមបើកផ្លូវជូនប្រជាពលរដ្ឋឡើង ហើយថែម ទាំងបានជួយបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីរួមចំណែកចាក់ដីធ្វើផ្លូវនោះជាមួយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តថែមទៀតផង នេះគឺជាជោគជ័យដ៏ធំធេងមួយក្នុងការដោះស្រាយវិវាទខាងលើនេះ ជូនប្រជាពលរដ្ឋដោយទទួលបានលទ្ធផលជាទីមោទនៈសម្រាប់ស្រុកបរិបូណ៌៕