(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន Very Words ពិភាក្សាពីការជំរុញការប្រើប្រាស់យានយន្ត និងគ្រប់គ្រងយានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៃនាយកដ្ឋានដឹកជញ្ជូនសាធារណក្រុង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំនេះរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ចំនួន២ រួមមាន៖

១៖ សិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ពីគម្រោងរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាពិសេសម៉ូតូអគ្គិសនី និងការស្នើសុំរៀបចំស្ថានីយសាក និងផ្លាស់ប្តូរអាគុយម៉ូតូនៅទីស្តីការក្រសួង

២៖ កិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការបង្កើតប្រព័ន្ធស្តង់ដារគ្រប់គ្រងអាគុយ(battery Lifecycle management system) នៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយគាំទ្ររបស់ វិទ្យាស្ថានជាតិបៃតង និងបច្ចេកវិទ្យាកូរ៉េ (National Institute Of Green Technology Republic of Korea)៕