(កូរ៉េ)៖ លោក ឈៀង ពេជ្រ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជា ក្នុងក្របខណ្ឌអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម «វេទិកាសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េលើកទី១៥ (The 15th ASEAN-ROK Transport Cooperation Forum)» នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

វេទិកានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលក្នុងឆ្នាំ២០២៥ នេះ បានកំណត់ប្រធានបទ ដំណោះស្រាយដោយប្រើបញ្ញាសិប្បនិម្មិត្ត AI សម្រាប់ ចល័តភាពកាន់តែឆ្លាតវៃ និងមានសុវត្ថិភាព (AI-Powered Solutions for Smarter and Safer Mobility)។

ក្នុងកម្មវិធីបើកវេទិកា លោក ផាក សាំងវូ (Park Sangwoo) រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ បានរំលេចយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត្ត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធដឹកជញ្ជូនទាំងមូល ទាំងផ្នែកផ្លូវគោក ផ្លូវអាកាសចរណ៍ ផ្លូវទឹកនិងសមុទ្រ។ ដោយមើលឃើញពីតម្រូវការ និងអាទិភាពទាក់ទងនឹងការដឹកជញ្ជូនផ្សេងៗគ្នាក្នុងចំណោមរដ្ឋសមាជិកអាស៊ាន សាធារណរដ្ឋកូរ៉េ បានលើកយករបៀបវារៈនេះឡើង ដើម្បីចែករំលេកគ្នាទៅវិញទៅមកក្នុងគោលចំណងធ្វើការអភិវឌ្ឍរួមគ្នាលើវិស័យនេះ។

ក្នុងវគ្គទីមួយនៃវេទិកានេះ ប្រទេសជាសមាជិកអាស៊ានទាំង១០ បានចែករំលែក តាមរយៈការធ្វើបទអន្តរាគមន៍ និងបទបង្ហាញពីវឌ្ឍនភាពរបស់បណ្តាប្រទេសរៀងៗខ្លួន ក្នុងវិស័យ AI ដែលក្នុងនោះ កម្ពុជាបានបង្ហាញពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងដំណើរការក្នុងការបញ្ចប់ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ព្រមទាំងបង្ហាញពីវឌ្ឍនភាពការងារមួយចំនួន ដូចជាការងារគ្រប់គ្រងការងារដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធឌីជីថល មានជាអាទិ៍ ភ្លើងសញ្ញាចរាចរណ៍ ដែលមានបំពាក់កាមេរ៉ា AI ការគ្រប់គ្រងដំណើរការរថយន្តក្រុង ការទូទាត់ប្រាក់តាមប្រព័ន្ធឆ្លាតវៃ ពិសេសនៅលើផ្លូវល្បឿនលឿន និងកំពុងបន្តអភិវឌ្ឍបន្ថែមទៀតលើវិស័យដឹកជញ្ជូន។

វគ្គបន្តបន្ទាប់ អ្នកជំនាញកូរ៉េបានធ្វើបទបង្ហាញចែករំលែកបទពិសេធន៍របស់កូរ៉េ លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត្ត (AI) លើវិស័យដឹកជញ្ជូនផ្សេងៗ ដូចជា ផ្លូវគោក៖ មានការលើកកម្ពស់យានយន្តគ្មានអ្នកបើកបរ ការធ្វើឱ្យមានប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការរថភ្លើង ផ្លូវអាកាស៖ មានការគ្រប់គ្រងផ្លូវអាកាសក្នុងទីក្រុង និងក្នុងអាកាសយានដ្ឋាន ផ្លូវទឹក និងផ្លូវសមុទ្រ៖ មានបទដ្ឋានសកលស្តីពីការកំណត់ទីតាំងឆ្លាតវៃ។ល។

ក្នុងវេទិកានេះ ក៏មានការពិភាក្សាអំពីផែនទីបង្ហាញផ្លូវស្ដីពីកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េ សម្រាប់ឆ្នាំ២០២៦-២០៣០ ផងដែរ ដែលផែនការនេះ គ្រោងនឹងដាក់ជូនកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន នៅក្នុងខែវិច្ឆិកា ២០២៥ ខាងមុខនេះនៅប្រទេសមីយ៉ាន់ម៉ា៕