(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ មិនអនុញ្ញាតឱ្យមានការ យកទំនិញពីថៃចូលកម្ពុជាឡើយ។ បើមានត្រូវតែពួតដៃក្នុងការបង្ក្រាបឱ្យបាន បើទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។
ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំ នេះក៏មានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥។
ស្របពេលដែលបញ្ហាព្រំដែននៅតែតានតឹង លោក អ៊ុំ រាត្រី បានជំរុញកងកម្លាំងគ្រប់កងអង្គភាពដែលឈរជើងតាមបន្ទាត់ព្រំដែន អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យទៅតាមបន្ទាត់ព្រំដែន មិនអនុញ្ញាតឱ្យមានការ លួចឆ្លងដែន ក៏ដូចជាសកម្មភាពផ្សេងៗ ដែលជាបទល្មើសតាមព្រំដែន បើសិនជាមានការរកឃើញថា មានបទល្មើសនៅតាមព្រំដែនត្រូវបង្ក្រាបឱ្យបានដោយគ្មានការលើកលែងឡើយ។
អភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់វិលត្រឡប់មកកម្ពុជាវិញ សូមធ្វើដំណើរតាមច្រកផ្លូវការ ដើម្បីងាយស្រួលក្រុមការងារ ទទួលរង់ចាំទទួល។
លោកបានបញ្ជាក់ជាថ្មីទៀតថា រដ្ឋបាលខេត្តបានត្រៀមនូវរថយន្តជាច្រើនគ្រឿង ព្រមទាំងទីតាំងសំចតសម្រាប់ទទួលបងប្អូនពលករនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដោយមានក្រុមការងារចម្រុះ មានក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ប.ស.ស ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរក្រុង បានចាំទទួលដោយមានការផ្តល់នូវអាហារសម្រន់ ក៏ដូចជាជូនដល់បងប្អូនទៅតាមបណ្ដាខេត្តដោយពុំមានគិតថវិកាឡើយ៕