(កែប)៖​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើ និងរំលឹកគ្រប់មហាជនទាំងអស់ សូមចូលរួមឲ្យបានសកម្ម លើការបង្ការ ទប់ស្កាត់គ្រឿងញៀននៅកម្ពុជា ដោយរួមគ្នាឈរលើទិសស្លោក «បីកុំ-មួយរាយការណ៍» ដែលមានន័យថា កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច។

ការលើកឡើងបែបនេះ ខណៈលោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកែប ដោយមានចូលរួមពីជួរថ្នាក់ដឹកនាំ​ នៃមន្ត្រី​រាជការ​ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ អអាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត​ និងអ្នកពាក់ព័ន្ធជាង​៣០០នាក់។

លោក សោម ពិសិដ្ឋ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចកំណត់យកប្រធានបទ នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ ដោយផ្ដោតលើប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀន» ក្នុងគោលដៅធ្វើយ៉ាងណា បំផុសចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។

អភិបាលខេត្ត បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ក៏បានពង្រឹងការធ្វើបរិវត្តកម្មឌីជីថលយ៉ាងសកម្មផុសផុល ដោយក្នុងនោះ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតជាថ្នាល ឌីជីថល ដ៏មានសារសំខាន់មួយ គឺកម្មវិធីទូរស័ព្ទដៃ (NoDrug) ដែលជាវិធីសាស្ត្រអប់រំតាមបែបឌីជីថលទាន់សម័យ និងជាបណ្ដុំនូវមេរៀន ខ្លឹមសារ និងព័ត៌មានពាក់ព័ន្ធគ្រឿងញៀន ហើយក៏ជាមធ្យោបាយរាយការណ៍ ដ៏មានប្រសិទ្ធភាព លើ២៤ម៉ោង និងរក្សាការសម្ងាត់ សម្រាប់ប្រជាពលរដ្ឋ ដែលផ្តល់ដំណឹងពាក់ព័ន្ធ និងការចែកចាយ ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ផងដែរ។

តាមរបាយការណ៍របស់លោក ស្រី គឹម ចន្នី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប បានអោយដឹងថា លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀននៅខេត្តកែប ក្នុងឆមាសទី១នេះ បង្ក្រាបបទល្មើសបានចំនួន ១៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧នាក់ ស្រី ២នាក់ ដកហូតវត្ថុតាង ម្ស៉ៅក្រាមពណ៍សថ្លាទម្ងន់ ៨.៧៦ក្រាម ម៉ូតូ ៣គ្រឿង ទូរស័ព្ទ ១៥គ្រឿង។

តាមរបាយការណ៍ដដែល បញ្ជាក់ថា ចំពោះការប្រើប្រាស់បង្រ្កាបបាន ១០ករណី ឃាត់ខ្លួនមនុស្ស២២នាក់ ស្រី១នាក់។ ដោយឡែក ការបង្ក្រាបលើការជួញដូរ ចែកចាយ និងរក្សាទុក បាន ៤ករណី ឃាត់ខ្លួនមនុស្ស៥នាក់ ស្រី១នាក់៕