(ឧត្តរមានជ័យ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហោ ជិនវិរៈយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុកចុងកាល់ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយគ្រួស ចំនួន១ខ្សែ (មាន ៤កំណាត់) ប្រវែងសរុប៩០០០ម ទទឹង៨ម កម្រាស់០,២ម សាងសង់លូមូលមុខមួយចំនួន៦កន្លែង និងលូមូលមុខពីរចំនួន២កន្លែង ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនេះលោក ប៊ុន ច័ន្ទវណ្ណៈ បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព និងមគ្គទេសក៍ឯកដឹកនាំប្រទេសកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង ជាពិសេសក្នុងនាមលោក ឆាយ ឫទ្ធិសែន លោកសូមចូលរួមអបអរសាទរនិងសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបាន សមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
លោកថ្លែងបញ្ជាក់ថា ជាក់ស្តែង ផ្លូវ១ខ្សែនេះ ត្រូវបានកសាងក្រោមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រទេសជាតិនៃរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយសេរី យុត្តិធម៌ និងពហុបក្ស តាមមាតាលិទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ។
ដោយសារនយោបាយ «ឈ្នះ-ឈ្នះ» ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទើបប្រទេសយើងទទួលបានសន្តិភាពពេញលេញ ហើយចាប់ផ្តើមមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ក្រោមម្លប់សន្តិភាព ប្រទេសកម្ពុជាយើងមានភាពរីកចម្រើនជាបណ្តើរៗ លើគ្រប់វិស័យ ដែលបាននាំមកនូវកិត្តិយសនិងសិទ្ធិស្មើភាព ជាមួយប្រទេសនានានៅក្នុងតំបន់ និងនៅលើពិភពលោក ដែលជាកិត្តិយសសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។
លោកថា មានសន្តិភាព ទើបអាចអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនបាន ក្នុងពិភពលោកនេះ ប្រទេសដែលមានភាពរីកចម្រើនជឿនលឿន គឺជាប្រទេសដែលគ្មានសង្គ្រាម មានសន្តិភាពយូរអង្វែង បើមានសង្គ្រាមហើយ គ្មានអ្វីក្រៅពីសម្លាប់គ្នា បំផ្លិចបំផ្លាញប្រទេស ប្រជាជនត្រូវរត់លូន ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ ដើម្បីគេចចេញសង្គ្រាម ហើយរស់នៅយ៉ាងវេទនាខ្លោចផ្សា។
ជាមួយនឹងភាពរីកចម្រើន និងសុខសន្តិភាព រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយសមត្ថភាពនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឆន្ទៈយ៉ាងម៉ុតមាំក្នុងការថែរក្សាសមិទ្ធផលនានា ដែលបានកសាងឡើងពីបាតដៃទទេរតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ជាពិសេស ការពារសុខសន្តិភាព និងស្ថេរភាពឱ្យខានតែបានដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០»។
រដ្ឋលេខាធិការក្រសួងអភិវដ្ឍន៍ជនបទ បានថ្លែងទៀតថា ជាក់ស្តែងផ្លូវ ១ខ្សែនេះ នឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុង ការទទួលបាននូវសេវាសាធារណៈ ដូចជាទៅផ្សារ សាលារៀន មន្ទីរពេទ្យ។ល។
លោក ប៊ុន ច័ន្ទវណ្ណៈ បានសំណូមពរបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ គ្រប់ថ្នាក់ទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថានតាមដងផ្លូវ កុំឱ្យមានដក់ទឹក ស្ទះទឹកតាម ប្រឡាយ ឬចង្ហូរទឹក នៅសងខាងផ្លូវ។ល។ សូមដាក់លូបង្ហូរទឹក ឬធ្វើស្ពានចូលផ្ទះ និងសម្អាតប្រឡាយ ឬចង្ហូរទឹក នៅតាមមុខផ្ទះជាប្រចាំនិងទុកដាក់សម្រាម ជាពិសេស ថង់ ដបផ្លាស្ទីក និងសម្ភារធ្វើពីផ្លាស្ទីកផ្សេងៗ ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យភូមិនិងឃុំយើងមានអនាម័យល្អ និងបរិស្ថានស្អាត។
សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចប់បញ្ហាលើការវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទន្ទឹមនឹងយន្តការទ្វេរភាគី ដើម្បីថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ឱ្យបានគង់វង់ ព្រមទាំងបានថ្លែងអំណរគុណ និងដឹងគុណចំពោះវិរៈភាពដ៏អង់អាច ក្លាហាន របស់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា តាមបន្ទាត់ព្រំដែនមិនឱ្យអ្នកណាចូលឈ្លានពានបានឡើយ៕