(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក៏ដូចជាការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌរបស់កម្ពុជា។

ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែល នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលជួបសម្តែងការគួរសមជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Nikolay Nenov ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជាក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទីរបស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគីលើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។

លោកសាស្ត្រាចារ្យ Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារីកាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការជាមួយកម្ពុជាលើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕