(ភ្នំពេញ)៖ ក្នុងរយៈពេល១ខែកន្លះ ចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្មេងទំនើងដែលប្រើប្រាស់គ្រឿងញៀន កាន់កាប់អាវុធខុសច្បាប់ បានចំនួន៧៣នាក់។

ផ្អែកតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងចំណោមជនសង្ស័យទាំង៧៣នាក់ដែលនគរបាលបង្ក្រាបបាននោះ មានចំនួន៣០នាក់ (ស្រី៣នាក់) ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងចំនួន៤៣នាក់ (ស្រី៥នាក់) ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ និងស្ដារនីតិសម្បទា។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ប្រតិបត្តិការកន្លងមកនេះ សមត្ថកិច្ចជំនាញដកហូតបាន ថ្នាំញៀនសរុប ចំនួន៧៨កញ្ចប់តូចធំ, ដាវដែក កាំបិតដែក ពូថៅ ៦៥ដើម, កាំភ្លើងកែច្នៃ ៣ដើម, ឧបករណ៍កាច់កម៉ូតូមួយចំនួន, គ្រាប់អាវុធខ្លី ៧៥គ្រាប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

ជាទិសដៅបន្ដ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបន្ដដោយមិនដកដៃនោះឡើយ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕