(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយលោកស្រី Christel Griffioen ប្រធានប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិវឌ្ឍជីវៈចម្រុះ (ACCB) នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ។ ជំនួបនេះបានផ្តោតជាសំខាន់លើកិច្ចការអភិរក្សពូជសត្វកម្រ ដែលកំពុងប្រឈមនឹងការជិតផុតពូជ។

នាឱកាសនោះដែរ រដ្ឋមន្ត្រីបានផ្តួចផ្តើមគំនិតប្រែក្លាយតំបន់អភិរក្សនេះ ទៅជាគោលដៅលំហែបៃតង ដែលនឹងមានកន្លែងស្នាក់នៅមួយយប់ និងការបោះជំរុំសម្រាប់ភ្ញៀវទេសចរប្រមាណ ១០-២០នាក់ ក្នុងមួយលើក។ គោលបំណងគឺដើម្បីប្រមូលថវិកាទ្រទ្រង់ការថែទាំសត្វ និងអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបរិស្ថានក៏បានលើកទឹកចិត្តដល់ការប្រើប្រាស់ ថាមពលបៃតង ដោយរៀបចំម៉ូតូអគ្គិសនីចំនួន ៥០គ្រឿង សម្រាប់សិស្ស និស្សិតនៅខេត្តសៀមរាប ដឹកភ្ញៀវទេសចរ។ ប្រាក់ចំណូលដែលរកបាន នឹងត្រូវបែងចែកដោយស្មើភាព ដើម្បីជួយគាំទ្រសហគមន៍មូលដ្ឋាន តាមរយៈការបង្រៀនឱ្យពួកគាត់ចេះបង្កើតមុខរបរទេសចរណ៍។ គំនិតផ្តួចផ្តើមនេះ គឺដើម្បីការពារមិនឱ្យមានការរំខានដល់ការអភិរក្សសត្វ។

ភាគីទាំងពីរបានឯកភាពគ្នាថា នេះគឺជាឱកាសល្អក្នុងការអភិវឌ្ឍគោលដៅលំហែបៃតង និងជួយដល់សហគមន៍ រួមទាំងការអភិរក្សសត្វព្រៃ។ ពួកគេនឹងបន្តធ្វើការសិក្សាលម្អិតអំពីលទ្ធភាពជំរុញទេសចរណ៍ និងការបង្កើតច្រករបៀងទេសចរណ៍បៃតង។ ក្រសួងបរិស្ថាន បានបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះការបន្តកិច្ចព្រមព្រៀងដីធ្លី ដរាបណា ACCB នៅតែបន្តការពារសត្វ និងព្រៃឈើ។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពបរិស្ថាននៅកម្ពុជា៕