(ព្រះវិហារ)៖ ជារូបភាពថ្មីមួយទៀតហើយ ក្នុងចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន ដោយនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមទាហានឈុតខ្មៅថៃ បានប្រើប្រាស់រថយន្ដចំនួន២គ្រឿង ដឹកព្រះ២អង្គ បម្រុងមកដាក់នៅតំបន់ព្រំដែននាច្រកទ្វារអានសេះ ខេត្តព្រះវិហារ ប៉ុន្ដែត្រូវបានកម្លាំងទាហានកម្ពុជាហាមឃាត់ចំពោះសកម្មភាពនេះ។
បន្ទាប់ពីកម្លាំងទាហានកម្ពុជាដ៏អង់អាច ហាមឃាត់ទាហានឈុតខ្មៅថៃនោះ ភាគីទាំងពីរបានប៉ះគ្នាដោយសម្ដី និងតឹងសរសៃកដាក់គ្នាមួយប្រាវ នៅច្រកទ្វារព្រំដែនអានសេះ ក្នុងភូមិសាស្ដ្រទឹកដីរបស់កម្ពុជា ដោយពួកក្រុមទាហានឈុតខ្មៅថៃ ប្រមាណ២០នាក់ ដើរចូលមកទឹកដីកម្ពុជា។
ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ៕