(កំពង់ចាម)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ព្រឹត្តិការណ៍ រុក្ខទិវា បានបង្កើតជាចលនាជាតិស្រឡាញ់ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ហើយកម្ពុជាជាប្រទេសឈានមុខគេ ក្នុងតំបន់ និងពិភពលោក ដែលបានការដាក់តំបន់ព្រៃឈើ ៤០% នៃផ្ទៃប្រទេស ជាតំបន់ការពារព្រៃឈើ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធី «រុក្ខទិវា» នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពង់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះមុខអង្គពិធី លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ព្រឹត្តិការណ៍ រុក្ខទិវា បានបង្កើតជាចលនាជាតិស្រឡាញ់ថែរក្សាការពារព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយបង្កើតបានជាចម្ការឈើ និងសួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សាលារៀន ទីធ្លាសាធារណៈ សហគមន៍ និងរមណីយដ្ឋាននានា។

លោកបន្តថា គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទីជាដើម។ល។

លោករដ្ឋមន្ត្របានលើកឡើងថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពជាច្រើន ដើម្បីពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ជាពិសេស ព្រៃឈើ ទឹក ដី និងសត្វព្រៃ។ កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានដាក់តំបន់ព្រៃឈើទំហំជាង ៤០%នៃផ្ទៃប្រទេស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញការដាំស្តារព្រៃឈើឡើងវិញ។

ជាមួយគ្នានេះផងដែរ ក្នុងស្មារតីជំរុញវិបុលកម្មសត្វព្រៃ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់សត្វ អាចចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ ដើម្បីឱ្យសត្វទាំងនេះអាចបន្តពូជ និងបង្កើនចំនួន និងអាចត្រូវបានព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ក្រោមការពិនិត្យ និងការផ្តល់បច្ចេកទេសពីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់មក រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមាន យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាមាគ៌ា និងមានទស្សនាទាន «មានហូប មានប្រើ មានបាន និងមានរហូត» កំពុងជំរុញ និងបង្កើនល្បឿន នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕