(កំពង់ចាម)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់យកផែនការយុទ្ធសាស្ត្រ និងសកម្មភាពសំខាន់ៗចំនួន៥ ដើម្បីពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានព្រៃឈើ តាមរយៈការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាអង្គការសង្គមស៊ីវិល និងវិស័យឯកជន។
ការលើកឡើងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស ថ្លែងក្នុងពិធី «រុក្ខទិវា» នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាមាគ៌ា និងមានទស្សនាទាន «មានហូប មានប្រើ មានបាន និងមានរហូត» កំពុងជំរុញ និងបង្កើនល្បឿន នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ចំណែកក្នុងអនុវិស័យព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាសេនាធិការ បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្រ្ត និងសកម្មភាពចំនួន៥ រួមមាន៖
១. ការពង្រឹងការការពារ និងគ្រប់គ្រងដីព្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការជំរុញចុះបញ្ជីដីរដ្ឋ រួមមាន ដីគម្របព្រៃឈើ ដីសហគមន៍ព្រៃឈើ និងដីស្ថានីយស្តារព្រៃឈើ
២. ការបង្កើន និងលើកទឹកចិត្ត ដល់ការបណ្តុះកូនឈើគ្រប់រូបភាព ទាំងរដ្ឋ អង្គការដៃគូ និងវិស័យឯកជន ដើម្បីគាំទ្រសកម្មភាពដាំឈើនៅទូទាំងប្រទេស
៣. ការពង្រឹងការទប់ស្កាត់ និងអនុវត្តច្បាប់ម៉ឺងម៉ាត់លើការទន្ទ្រានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការជួញដូរសត្វព្រៃ
៤. ការបង្ការ ទប់ស្កាត់ និងអន្តរាគមន៍ទាន់ពេលវេលា ចំពោះករណីភ្លើងឆេះព្រៃ ជាពិសេស ក្នុងរដូវប្រាំងស្ងួតហួតហែង ដើម្បីការពារព្រៃឈើធម្មជាតិ
និង៥. ការគាំទ្រ និងជំរុញឧស្សាហកម្មឈើដាំ ដើម្បីដោះស្រាយតម្រូវការឈើសម្រាប់ ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយសម្ពាធ និងធានានិរន្តរភាពព្រៃឈើធម្មជាតិ ព្រមទាំងគាំទ្រការកែច្នៃផលិតផលឈើដើម្បីចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ក្រោមកិច្ចសហការជាមួយអង្គការដៃគូ និងវិស័យឯកជន ក្រសួងកសិកម្មបាននិងកំពុងផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងថវិកាដល់ការបង្កើតមុខរបរសម្រាប់ប្រជាសហគមន៍ ដូចជាការចិញ្ចឹមសត្វ ការធ្វើកសិ-រុក្ខកម្ម កសិ-ទេសចរណ៍ និងការប្រមូលផលអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ចំនួន ៦៥៥សហគមន៍ ដែលមានសមាជិកជាង ១៧ម៉ឺនគ្រួសារ ស្មើនឹងជាង ៥១ម៉ឺននាក់នៅទូទាំងប្រទេស ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការការពារដីព្រៃសហគមន៍ និងសត្វព្រៃ៕