(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ឆ្លៀតក្នុងឱកាសនៃជំនួប លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អៗ លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ហួត ហាក់ បានអបអរសាទរលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់លោកឯកអគ្គរដ្ឋទូតនាពេលកន្លងមក ព្រមទាំងស្នើលោកឯកអគ្គរដ្ឋទូត បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមដែលមានភាពល្អប្រសើរ រួមទាំងកាលានុវត្តវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ថ្នាក់ដឹកនាំ ធុរជន និងប្រជាពលរដ្ឋឆែក។

ជាកិច្ចបញ្ចប់ លោក ហួត ហាក់ បានជូនពរលោកឯកអគ្គរដ្ឋទូត និងក្រុមគ្រួសារ ទទួលបានសុខភាពបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។

សូមបញ្ជាក់ថា លោក Martin Vávra ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកទី១ ដែលមាននិវេសដ្ឋាននៅប្រទេសកម្ពុជា ហើយចំនួនភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០២៣ មានចំនួនប្រមាណ៤,០០០នាក់ ឆ្នាំ២០២៤ កន្លងទៅមានចំនួនជិត៦,០០០នាក់ ហើយក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាប្រមាណជិត៤,០០០នាក់ហើយ៕