(ប៉ៃលិន)៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានពលករខ្មែរម្នាក់ មានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមិនទុកបងប្អូនពលករយើងចោលនោះឡើយ។
ពលករមានជម្ងឺដែលថៃទុកចោលមិនព្យាបាល មានឈ្មោះ ស្កា ស៊ុ ភេទប្រុសអាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែងដោយធ្វើជាពលករបេះផ្លែឈើ នៅប្រទេសថៃ ដែលមានរោគសញ្ញាអស់កម្លាំងឈឺក្បាល វិលមុខ រាគរូស ភ្នែកក្រហម ចេញកន្តួលក្រហមពេញខ្លួន ប្រវត្តិធ្លាប់មានជម្ងឺតេតាណុស ហើយបើតាមការសន្និដ្ឋានបឋម របស់ក្រុមគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ អាចជាជំងឺគ្រុនឈាម ឬជំងឺគ្រុនឈិក។
បើតាមបញ្ជាក់របស់ លោក ប៉ិច ប៊ិន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលដំណឹងថា មានពលករខ្មែរម្នាក់ មានជម្ងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ដោយមិនមានការ ព្យាបាល ព្រមទាំងទុកចោលនោះលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារធ្វើការ ទំនាក់ទំនងភ្លាមៗ ដើម្បីបញ្ជូនពលករខ្មែរ យកមកព្យាបាលបានទាន់ពេលវេលា ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត។
លោកប្រធានទីស្នាក់ការច្រកទ្វារ បានបន្តថា នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីប្រទេសថៃ របស់លោកស្រីបណ្ឌិត បាន ស្រីមុំ ហើយសកម្មភាពនេះ មិនត្រឹមតែជាការលើកទឹកចិត្ត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែង ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលបងប្អូនពលករ បានជួបប្រទះ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីសំណាក់លោកស្រីបណ្ឌិតអភិបាលខេត្ត ពលករមានជម្ងឺ ដែលថៃទុកចោលមិនព្យាបាល មានឈ្មោះ ស្កា ស៊ុ ត្រូវទទួលបានការព្យបាលពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត និងអាហារព្រមទាំងជូនដំណើរត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីជម្ងឺបានជាសះស្បើយ៕