(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំហើយ ក្នុងការដោះស្រាយជាមូយបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) ហើយមកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំ ត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែ មានប្រជាពលរដ្ឋចំនួន ៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរនៅឡើយទេ បើទោះបីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចប្រគល់សំណងជូនពួកគាត់ជាង ៣លានដុល្លារយ៉ាងណាក្តី។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញពួកគាត់ទាំង ៣គ្រួសារ មកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ។ ជាលទ្ធផល គឺពួកគាត់នៅតែទាមទារសំណងហួសហេតុ មិនអាចទទួលយកបានដដែល ពោលគឺបានទាមទារ គុណនិឹង២, គុណនឹង៣ នៃសំណងដែលរដ្ឋបានប្រគល់ជូន។
លោក ឃួង ស្រេង បានលើកឡើងថា៖ «ដីរបស់បងប្អូន ដែលរងផលប៉ះពាល់នេះ យើងមិនមែនយកមក ដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរ។ ដូច្នេះ សូមបងប្អូនទាំង៣គ្រួសារ មេត្តាយោគយល់។ អាជ្ញាធរក្នុងនាមជាម៉ែ ជាឪប្រជាពលរដ្ឋ មិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ សូមកុំទារសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន»។
លោក ឃួង ស្រេង បានបន្ថែមទៀតថា តម្លៃដីរហូតដល់ជាង ៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែ បងប្អូននៅតែទទួលយកមិនបាន។ បងប្អូនអាចជួលក្រុមហ៊ុន អចលនទ្រព្យចំនួន ២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងបងប្អូនបាន ដោយរដ្ឋបាលរាជធានីភ្នំពេញ សុខចិត្តចេញលុយថ្លៃក្រុមហ៊ុនឱ្យថែមទៀត។ បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តច្បាប់រដ្ឋបាល ដើម្បីរុះរើនោះទេ ព្រោះវាល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើ បងប្អូន អាចបន្តប្តឹងទៅតុលាការបាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា ថវិកាជាង៣លានដុល្លារ ដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិនអាចបន្ថែមបាន ទៅតាមការទាមទារស្រេចតែចិត្តនោះទេ។
ចុងក្រោយនេះ អាជ្ញាធររាជធានីភ្នំពេញ មានជម្រើស២ សម្រាប់បងប្អូន៖
*ទី១៖ បងប្អូនទាំង៣គ្រួសារ អាចរុះរើដោយខ្លួនឯង រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគល់ថវិកា ជូនថ្លៃរុះរើចំនួន១០ម៉ឺនដុល្លារ។
*ទី២៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងជួលគេឱ្យមករុះរើ។ មែនទែនទៅអាជ្ញាធររាជធានីភ្នំពេញ មិនមានចេតនាណាមួយចង់អនុវត្តច្បាប់រដ្ឋបាល ដើម្បីរុះរើនោះទេ តែវាដល់ពេលហើយ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មិនទទួលយកសំណងខាងនេះរួមមាន៖
ទី១៖ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២ដុល្លារអាមេរិក
ទី២៖ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥ដុល្លារអាមេរិក។
និងទី៣៖ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១.៨៣៨,១៩ដុល្លារអាមេរិក។ សំណងទាំងនេះ ពួកគាត់មិនទទួលយកទេ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ គម្រោងនេះ វានឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹងក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុចស្ពានព្រះមុនីវង្ស៕