(ភ្នំពេញ)៖ ​លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបញ្ជាក់ថា កម្ពុជានឹងបន្ត​ចរចាពន្ធបដិកាជាមួយអាមេរិកបន្ថែមទៀត​ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ត្រាំ សម្រេចបន្ថយអត្រាពន្ធដល់កម្ពុជាក្នុងកម្រិតពី៤៩% មកត្រឹម ៣៦%។

តែយ៉ាងនេះក្តីលោកបានលើកឡើងថា​ បើទោះបីជាអត្រាពន្ធបដិកានាំចេញទៅអាមេរិកស្ថិតក្នុងកម្រិត៣៦% ក៏ដោយ ប៉ុន្តែតាមរយៈការចរចានេះ កម្ពុជាទទួលបានលទ្ធផលប្រសើរជាងគេ បើធៀបនឹង ១៤ប្រទេសផ្សេងទៀត ពោលគឺបានធ្លាក់ចុះ​ប្រមាណជិត២៧% ហេតុដូច្នេះហើយកម្ពុជា នឹងបន្តចរចានៅជំហានបន្ទាប់ទៀត។​

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជានៅថ្ងៃទី២ មេសា ពន្ធបដិកាគឺ៤៩% ចុះមក៣៦% បើជាតម្លៃចុះ១៣% ប៉ុន្តែគិតជាភាគរយ គឺចុះ២៦.២៧%។ អ៊ីចឹងគឺយើងថយជិត២៧% បើធៀបនឹងអត្រាពន្ធដែលគាត់ដាក់កាលពីថ្ងៃទី២​ ខែមេសា។ បើប្រៀបធៀបប្រទេសផ្សេងៗទៀតដូចជាឡាវ ម៉ាឡេស៊ី។ ហើយម៉ាឡេស៊ីឡើងពី២៤% ទៅ២៥%។ ដូច្នេះបានខ្ញុំថា យើងទទួលបានជោគជ័យណាស់ ជោគជ័យក្នុងការចរចា ហើយការទទួលបានជោគជ័យនេះ គឺដោយសារយើងចរចាដោយសុចរិត ដោយស្មោះត្រង់តាមការចង្អុលបង្ហាញរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត»

បើតាម លោក​ ស៊ុន ចាន់ថុល អត្រាពន្ធពន្ធបដិកា៣៦% នឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្នុងករណីដែលកម្ពុជាគ្មានការចរចាជាមួយអាមេរិកបន្តទៀត។ ប៉ុន្តែបើយោងតាមលិខិតដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនសម្តេចបវរធិបតី លោកនឹងបើកឱកាសឱ្យកម្ពុជាទៅចរចាបន្ថែមទៀត ឱ្យបានមុនថ្ងៃទី១ ខែសីហា។

លោកបន្ថែមថា ខណៈនេះក្រុមការងារចរចារបស់កម្ពុជា បានត្រៀមរួចជាស្រេចហើយ មិនថាទៅចរចានៅសហរដ្ឋអាមេរិកដោយផ្ទាល់ ឬតាមអនឡាញនោះទេ ដើម្បីបន្ថយអត្រាពន្ធបដិកាឱ្យទាបជាង៣៦%​ និងដើម្បីពង្រីកលទ្ធភាពនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

លោក​ ស៊ុន ចាន់ថុល គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចរចាពន្ធបដិការវាងកម្ពុជា-អាមេរិក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាមានចំណុចជាច្រើនដែលត្រូវលើកយកទៅចរចាជាមួយអាមេរិក។

សូមជម្របថា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រា តាមលិខិតរយៈលិខិតផ្ញើជូនសម្តេចបវរធិបតី សហរដ្ឋអាមេរិកបានទម្លាក់អត្រាពន្ធបដិកាលើកម្ពុជាពី ៤៩% មកនៅ ៣៦% ខណៈប្រទេសថៃ អត្រាពន្ធនៅរក្សាដដែល គឺ៣៦% ចំណែកប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ក៏មិនបានបញ្ចុះអត្រាពន្ធនោះទេ ដោយប្រទេសកូរ៉េខាងត្បូងរក្សាអត្រា ២៥% ដដែល ឯជប៉ុនវិញឡើងពី២៤% មក២៥%៕