(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការជាមួយអាមេរិក បានថ្លែងចាត់ទុកការទម្លាក់អត្រាពន្ធរបស់អាមេរិកមកលើកម្ពុជាពី៤៩% មកនៅត្រឹម ៣៦% គឺជាជោគជ័យដ៏ធំមួយ សម្រាប់ជំហានដំបូង។
លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា ក្នុងចំពោះប្រទេសចំនួន ១៤ ដែលលោកប្រធានាធិបតី ដូណាល់ត្រាំ ចេញលិខិតដូចគ្នា គឺមានតែកម្ពុជាទទួលបាននូវអត្រាបន្ថយពន្ធបដិកាបានច្រើនជាងគេ ពី៤៩% ចុះមក ៣៦%។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងសន្និសីទ ស្តីពីលទ្ធផលនៃកិច្ចចរចាពន្ធបដិការរបស់អាមេរិក ដែលកម្ពុជាសម្រេចបាន ៣៦% ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា «ការបន្ថយអត្រានេះ យើងទទួលបានជោគជ័យណាស់ក្នុងការចរចា ហើយការទទួលបានជោគជ័យនេះ គឺដោយសារយើងចរចាដោយសុចរិត ដោយស្មោះត្រង់ តាមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សូមជម្រាបថា អត្រានេះចូលជាធរមានក្នុងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្នុងករណីយើងមិនមានការចរចាថែមទៀត ប៉ុន្តែក្នុងលិខិតរបស់ប្រធានាធិបតី ដូណាល់ត្រាំ ផ្ញើជូនសម្តេចធិបតី គឺបើកឱកាសឱ្យយើងទៅចរចាបន្ថែមទៀត ឱ្យបានមុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងាររបស់យើងត្រៀមហើយស្រេច»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកវិនិយោគ មេត្តានឹងនរចិត្ត ថែរក្សារោងចក្ររបស់ខ្លួននៅកម្ពុជា និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញការដោះស្រាយបញ្ហាពន្ធបដិកាជាមួយអាមេរិកនេះ៕