(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Minnie Chey នាយិកា ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំនៅកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយបញ្ចប់បេសកម្មនៅកម្ពុជា នៅទីស្ដីការក្រសួង។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានជម្រាបជូនប្រតិភូទាំងអស់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន៥ ទៀតរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ «ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូនានា ជាពិសេសជាមួយធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ក្នុងការអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចម្រើន។ ជាក់ស្តែងរយៈពេល ១៥ឆ្នាំកន្លងមកនេះ មូលនិធិ EDCF តាមរយៈធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ផ្តល់នូវឥណទានសម្បទានប្រមាណ ១ ៩៤៦លានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដៃគូធំបំផុតទី៣ របស់ EDCF។ កិច្ចសហប្រតិបត្តិការនេះ បានឈានទៅមួយកម្រិតទៀតក្រោយដំណើរទស្សកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលសាធារណរដ្ឋកូរ៉េប្តេជ្ញាចិត្តបង្កើនការផ្តល់ឥណទានសម្បទានរហូតដល់ ៣ ០០០លានដុល្លារអាមេរិក សម្រាប់កម្ពុជាពីឆ្នាំ២០២២-២០៣០។ ក្រោមហិរញ្ញប្បទាន EDCF ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានគម្រោងចំនួន៧ គម្រោង ដែលមានថវិកាសរុបប្រមាណជាង ៤០០លានដុល្លារអាមេរិក។

គម្រោងទាំងនោះ បាននិងកំពុងស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងជាង ១ ៧០០ គ.ម និងស្ពានបេតុងចំនួន៤២ ប្រវែងប្រមាណ២,៤គ.ម ព្រមទាំងសំណង់សិល្បការ្យជាច្រើន។ នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រីក៏បានសំណូមពរចំពោះ ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ ក្រសួងអភិវឌ្ឍន៍ជនបទដូចជា ការអភិវឌ្ឍភូមិគំរូគន្លឹះនៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍន៍ឆាប់រហ័ស។

លោកស្រី Minnie Chey នាយិកា ធនាគារអាហរ័ណ-នីហរ័ណកូរ៉េប្រចាំនៅកម្ពុជា បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ និង Korea Eximbank ក្នុងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទាន EDCF នាពេលកន្លងមក។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា ក្នុងបេសកម្មរបស់លោកស្រីអស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ បានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃផ្លូវជនបទ ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយ ដែលមិនអាចខ្វះបាន។ លើសពីនេះផ្លូវទាំងនោះត្រូវមានទាំងគុណភាព និងបរិមាណទើបអាចបំរើដល់តម្រូវការរបស់ប្រជាពលរដ្ឋបាន។ ក្នុងន័យនេះលោកស្រី ក៏បានទទួលយកសំណើររបស់លោករដ្ឋមន្ត្រី ក៏ដូចជាបានសន្យាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងភាពជាដៃគូបន្ថែមទៀត។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី និងសហការី ដែលបានអញ្ជើញមក និងបានធ្វើការថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត ក្នុងការពង្រឹងភាពជាដៃគូរវាង ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ លោករដ្ឋមន្ត្រី ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការជាមួយគ្នាដោយខិតខំ ជម្រុញការអនុវត្តគម្រោងអោយមានប្រសិទ្ធភាពខ្ពស់។ លោកក៏បានជូនពរលោកស្រីនាយក ដែលបញ្ចប់បេសកម្មនៅកម្ពុជា ឱ្យទទួលបាននូវពរសព្ទសាធុការ និងទទួលបានជោគជ័យក្នុងភារៈកិច្ចថ្មីផងដែរ។ ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់លោកស្រី និងសហការី ជាការថ្លែងអំណរគុណ៕