(បាត់ដំបង)៖ លោក អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨»

សិក្ខាសាលានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការចូលរួមពីគណៈប្រតិភូក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ជាតិ សមាជិក សមាជិកាក្រុមប្រឹក្សា សកម្មភាពជនពិការខេត្ត លោកប្រធានគម្រោងប្រចាំខេត្តបាត់ដំបង នៃអង្គការការីតាសកម្ពុជា លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំង១០៣ ក្នុងខេត្តបាត់ដំបង និងលោក លោកស្រី សមាជិក សមាជិកា គ.ក.ស.ក ក្រុង ស្រុក។

សូមជម្រាបថា ក្រុមប្រឹក្សាសកម្មភាពជនពិការ គឺជាជាយន្តការសម្របសម្រួលថ្នាក់ជាតិ និងពិគ្រោះយោបល់លើបញ្ហាពិការភាព ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០៧០៩/០១០ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ក្នុងច្បាប់ស្តីពី កិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ។

ក្រុមប្រឹក្សាសកម្មភាពជនពិការនេះមានតួនាទី៖

*១៖ ផ្តល់ការពិគ្រោះយោបល់ជំនាញលើបញ្ហាពិការភាពនិងការស្តារលទ្ធភាពពលកម្ម
*២៖ ជួយ ក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយ ផែនការជាតិនិងយុទ្ធសាស្រ្តដែល មានការពាក់ព័ន្ធទៅនឹង ពិការភាព និងការស្តារលទ្ធភាពពលកម្ម
*៣៖ ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទបញ្ជាផ្សេងៗពាក់ព័ន្ធ និង បញ្ហាពិការភាព និងស្តារលទ្ធភាពពលកម្ម
*៤៖ លើកសំណើកែសម្រួលបំពេញបន្ថែម ធ្វើវិសោធនកម្មគោលនយោបាយច្បាប់ និង បទបញ្ជាផ្សេងៗពាក់ព័ន្ធនិងបញ្ហាពិការភាព
*៥៖ តាមដានវាយតម្លៃការអនុវត្តគោលនយោបាយ ផែនការជាតិ ច្បាប់និងបទបញ្ជា ផ្សេងៗពាក់ព័ន្ធនិងបញ្ហាពិការភាព
*៦៖ ទំនាក់ទំនងជាមួយសហគមន៍ ជាតិអន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ កៀរគរប្រភព ធនធានទាំងក្នុង និងក្រៅប្រទេស៕