(ឧត្តរមានជ័យ)៖ ជាការយកចិត្តទុកដាក់ ក៏ដូចជាលើកទឹកចិត្តដល់កងទ័ពឈរជើងការពារនៅសមរភូមិមុខ នៅចុងសប្ដាហ៍នេះ លោក លីវ សុភក្ត្រា បាននាំយកអំណោយសប្បុរសធម៌ពីរាជធានីភ្នំពេញ ជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូន ពលទាហាន នាយទាហាន ដែលឈរជើងនៅជួរមុខតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅទិសតាក្របី ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។
លោក លីវ សុភក្ត្រា បានកោតសរសើរចំពោះវីរៈកងទ័ពទាំងអស់ដែលបានប្តេជ្ញាចិត្តដ៏មោះមុតនិងអង់អាចក្លាហានដោយហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។
លោក បានបន្តថា ការចូលរួមឧបត្ថម្ភរបស់សប្បុរសជនគឺជាការចូលរួមចំណែកលើកទឹកចិត្តមួយដ៏សំខាន់ ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក លីវ សុភក្ត្រា ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្មារតីស្នេហាជាតិរបស់ លោក លោកស្រី ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ទាំងផ្នែកថវិកា ទាំងផ្នែកសម្ភារ ទាំងផ្នែកស្មារតី ដើម្បីបង្ហាញនូវការគាំទ្រ និងជ្រោមជ្រែងយ៉ាងពេញទំហឹងដល់បងប្អូននាយទាហាន នាយទាហានរង ពលទាហាន ដែលកំពុងឈរជើងនៅជួរមុខ៕