(ភ្នំពេញ)៖ លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស កិច្ចការអឺរ៉ុប ការពារជាតិ កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម ក្រៅប្រទេស នៃប្រទេសលុចសំបួ បានចេញលិខិតថ្លែងអំណរគុណ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូន គណៈប្រតិភូលុចសំបួ ក្នុងអំឡុងពេលលោក អមព្រះរាជដំណើរ ទស្សនកិច្ចជាន់ខ្ពស់ របស់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ នៅកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ។
ក្នុងលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងស្មោះស្ម័គ្រ គោរពជូនសម្តេចប្រធានព្រឹទ្ធសភា ចំពោះបដិសណ្ឋារកិច្ច ដ៏កក់ក្តៅអំឡុងព្រះរាជទស្សនកិច្ចជាន់ខ្ពស់ របស់ព្រះអង្គម្ចាស់រដ្ឋទាយាទ នៃបូរីក្សត្រលុចសំបួ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
ខ្ញុំពិតជាមានកិត្តិយសដោយបានជួបពិភាក្សាជាមួយ សម្តេចប្រធានព្រឹទ្ធសភា និងជួបពិភាក្សាជាមួយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្លាស់ប្តូរទស្សនៈ លើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ស៊ីជម្រៅរបស់យើង។ យើងក៏សូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតដោយផ្ទាល់ជូន សម្តេចប្រធានព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសជាទីស្រឡាញ់របស់សម្តេចប្រធាន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ទោះបីជាបរិបទមានភាពពិបាកក៏ដោយ ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវឱកាសដ៏មានតម្លៃ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងរបស់ប្រទេសយើងទាំងពីរ និងដើម្បីស្វែងរកនូវទិសដៅថ្មី ដល់កិច្ចសហប្រតិបត្តិការ។ យើងក៏ទទួលបានកិត្តិយស តាមរយៈទំនាក់ទំនងប្រកបដោយអត្ថន័យ ជាមួយមេដឹកនាំកម្ពុជា និងចំណាប់អារម្មណ៍ ចំពោះភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ សូមសម្តេចប្រធានព្រឹទ្ធសភា មេត្តាពិនិត្យសម្រេច និងទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕