(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៥នេះ ដោយសារកម្ពុជា មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញផ្ទៃប្រទេស មានផ្លូវខ្វាត់ខ្វែង ធ្វើឱ្យវិនិយោគិនមានការជឿជាក់មកលើកម្ពុជា ខណៈដែលឆ្នាំ២០២៥នេះ កម្ពុជារំពឹងទទួលគម្រោងវិនិយោគឡើងដល់ ៥០០គម្រោង ខណៈពេលនេះបានអនុម័តរួច ៣៧៣គម្រោង និងមានក្នុងដៃជាង ៦០គម្រោង កំពុងពិនិត្យ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតីដឹកនាំក្រុមការងារចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យើងនៅតែបន្តទាក់ទាញអ្នកវិនិយោគ ហើយមកដល់ខែមិថុនា ឆ្នាំ២០២៥នេះ យើងបានអនុម័តគម្រោង ៣៧៣គម្រោងហើយ ឆ្នាំ២០២៣ តែ ២៦៨គម្រោងទេ ហើយឆ្នាំ២០២៤ បាន ៤១៤ គម្រោង [..] ចឹងខ្ញុំជឿជាក់ថា ឆ្នាំ២០២៥នេះប្រហែលបាន ៥០០គម្រោង, ហើយបើសួរថាហេតុដូចម្តេចបានគេមកដាក់ទុននៅកម្ពុជា? គឺដោយសារគេទុកចិត្តលើរាជរដ្ឋាភិបាលយើង»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញផ្ទៃប្រទេស មានផ្លូវខ្វាត់ខ្វែង បានធ្វើឱ្យវិនិយោគិនចេះតែបន្តមកដាក់ទុនវិនិយោគនៅកម្ពុជា និងបានបង្កើតការងារកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី រយៈពេល ៦ខែមកនេះ កម្ពុជាទទួលបានទុនវិនិយោគជិត ៦ពាន់លានដុល្លារ លើ ៣៧៣គម្រោងដែលបានអនុម័តរួចរាល់ ខណៈដែលនៅក្នុងដៃមានជាង ៦០គម្រោងទៀត ដែលមានទុនវិនិយោគជាង ១.៥ពាន់លានដុល្លារទៀត ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តពិនិត្យ និងអនុម័ត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវឱ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសពិចារណាត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញ ដោយសារកម្ពុជាកំពុងត្រូវការកម្លាំងពលរកម្មច្រើន ខណៈមកដល់ពេលនេះកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ៣០ម៉ឺនកន្លែងជារៀងរាលឆ្នាំ៕