(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Four Seasons Food Taste Co., Ltd. បញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Four Seasons Food Taste Co., Ltd. ជាប្រភេទជាប្រភេទ រោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុនបានបង្កឱ្យមានការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យ លេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និង មាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧។
ក្នុងន័យនេះ ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈនិងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានរកឃើញ និងតម្រូវឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន។ ក្នុងករណីមិនអនុវត្តតាមការសម្រេចរបស់ក្រសួងបរិស្ថាន ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។
ក្រសួងបរិស្ថានបានបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានអាសយដ្ឋានស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបង្កឱ្យមាន ការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថាន បានរកឃើញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៦២ មាត្រា១៦៣ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និងមាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧។
ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ (អូរពាមទុង) និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យ លេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និង មាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧៕