(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បាន​សហការជាមួយធុរជនជប៉ុន ​ដើម្បីបន្តគាំទ្រដល់អាជីវកម្មទើបចាប់ផ្តើមថ្មី (Startups) និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​​ តាមរយៈការជួយគាំទ្រកម្មវិធីមួយដែលរៀបចំដោយ​ CJCC​ហៅថា កម្មវិធីពន្លឿនអាជីវកម្ម។

កម្មវិធីពន្លឿនអាជីវកម្ម (CJAP) គឺជាកម្មវិធីដ៏ពិសេសមួយ ជួយគាំទ្រដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម និងអ្នកចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជា អាចការធ្វើពង្រីកអាជីវកម្មរបស់ពួកគេ ដោយផ្តល់ជូននូវកម្មវិធីពង្រឹងសមត្ថភាព ការសម្របសម្រួលកិច្ចសហការអាជីវកម្ម និងបង្កើតឱកាសកៀងគរទុនជាមួយក្រុមហ៊ុន និងអ្នកវិនិយោគកម្ពុជា និងជប៉ុន។

ភាពជាដៃគូរវាងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងក្រុមហ៊ុនអ៊ីអន ​បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយគាំទ្រដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម និងអ្នកចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជា ប្រែក្លាយសេចក្តីប្រាថ្នារបស់ពួកគេឱ្យក្លាយជាការពិត។ ​អ៊ីអន ​នឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងកន្លែងសម្រាប់រៀបចំកម្មវិធីនានា ដូចជាការធ្វើសិក្ខាសាលា និងព្រឹត្តិការណ៍នានារបស់កម្មវិធីនេះ។

​លើកឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលធ្វើឡើងនៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)​ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ី វណ្ណា ប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍធនធានមនុស្សនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា «អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់ សម្រាប់ទាំងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងក្រុមហ៊ុនអ៊ីអន។ ព្រោះកិច្ចសហប្រតិបត្តិការនេះ បន្តគាំទ្រដល់អាជីវកម្មទើបចាប់ផ្តើមថ្មី (Startups) និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយវាក៏ស្របទៅតាមគំនិតផ្តួចផ្តើមរបស់កម្ពុជា និងជប៉ុន ដើម្បីពង្រឹងអាជីវកម្មទើបចាប់ផ្តើមតាមបែបប្រព័ន្ធអេកូឡូស៊ី។ កិច្ចព្រមព្រៀងនេះ ផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សហគ្រិន សហគ្រាសធុនតូច និងមធ្យម និងអ្នកចាប់ផ្តើមអាជីវកម្មក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ»។​

​លោក Endo Fumihiko នាយកគ្រប់គ្រងក្រុមហ៊ុនអ៊ីអន បានបន្ថែមថា «យើងជឿជាក់ថា កិច្ចសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានកំណត់ត្រាស្រាប់ក្នុងការគាំទ្រភាពជាសហគ្រិន នឹងផ្តល់ឱ្យយើងនូវឱកាស ដើម្បីកសាងភាពជាដៃគូដែលយើងត្រូវការ។ យើងក៏ជឿជាក់ផងដែរថា តាមរយៈការសហការជាមួយកម្មវិធីពន្លឿនអាជីវកម្ម (CJAP) យើងអាចយល់ពីសេចក្តីប្រាថ្នារបស់សហគ្រិនកម្ពុជា និងជួយពួកគេឱ្យសម្រេចបាននូវសេចក្តីប្រាថ្នានោះ ក៏ដូចជាចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម»

កម្មវិធីពន្លឿនអាជីវកម្ម (CJAP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងគោលបំណងគាំទ្រដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនដែលចូលរួម រួមមាន ៖
* ការបណ្តុះបណ្តាលជំនាញសំខាន់ៗ
* ការប្រឹក្សាយោបល់ពីអ្នកជំនាញ
* ការផ្គូផ្គងអាជីវកម្ម និងការគាំទ្រការកៀងគរទុន
* ឱកាសធ្វើបទបង្ហាញអាជីវកម្មដល់សមាគមធុរកិច្ចកម្ពុជា និងក្រុមហ៊ុនជប៉ុន
* បោះជំរុំជាមួយអតីតនិស្សិត CJAP គ្រូបណ្តុះបណ្តាល និងអ្នកសម្របសម្រួលដើម្បីបង្កើនជំនាញបទបង្ហាញ
* ទស្សនកិច្ចសិក្សាអាជីវកម្មនៅប្រទេសជប៉ុន ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ជាមួយសហគ្រាសជោគជ័យរបស់ជប៉ុន៕