(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មោទនភាពរបស់យើង មិនមែនត្រឹមតែកសាងសាលារៀលល្អ ស្អាត និងវិន័យល្អនោះទេ គឺសិស្សទទួលបានជោគជ័យក្នុងជីវិតរយៈពេល ១០ឆ្នាំ ទៅ២០ឆ្នាំក្រោយ។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារ ទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានា ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ឪពុក ម្តាយ អាណាព្យាបាល សហគមន៍ សប្បុរសជនទាំងអស់ ទាំងអតីតសិស្ស អ្នកមានលទ្ធភាព ក្រុមការងារចុះមូលដ្ឋានបន្តចូលរួមនូវពង្រឹងវិស័យអប់រំនៅមូលដ្ឋាន។ បន្ថែម ពីនេះអាជ្ញាធរស្រុក ខេត្ត ការិយាល័យអប់រំ មន្ទីរអប់រំ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់រជំរុញក្នុងការពង្រឹងការអប់រំនៅតាមមូលដ្ឋាន ចំណុចនេះគឺជាអនាគតរបស់កម្ពុជា។
តាមរយៈការពង្រឹងវិស័យអប់រំនេះ, ត្រូវបានសម្តេចបបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា កុមារតូច យុវជនកម្ពុជា ទាំងអស់ដែលទទួលបានការអប់រំល្អ មានគុណភាព នឹងក្លាយទៅជាធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា នៅក្នុងរយៈពេលវែងនាពេលអនាគត។ ដូច្នេះ ការបណ្តុះបណ្តាលអប់រំ ដល់កុមារតូច និងយុវជនកម្ពុជាចាប់ពីពេលនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយរបស់សង្គមជាតិកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យកាន់ខ្លាំងក្លា សកម្មបន្ថែមទៀតទៅលើវិស័យអបប់រំនៅកម្ពុជា បើទោះបីជាមានបញ្ហាច្រើនត្រូវដោះស្រាយក៏ដោយ ប៉ុន្តែ វិស័យអប់រំ ជាវិស័យអាទិភាពមួយរបស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាក់ស្តែងការពង្រឹងវិស័យអប់រំ គឺសម្តេចបានចូលរួមដឹកនាំផ្ទាល់នៅក្នុងមួយផ្នែកលើវិស័យអប់រំនេះ ដែលមានវិធានគន្លឹះ៥ រួមមានវិស័យអប់រំ សុខាភិបាល និងកំណែទម្រង់មុខងារសាធារណៈជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការសប្បាយរីករាយនៅពេលឪពុក ម្តាយ អាណាព្យាបាលរបស់កូនសិស្សនៅគ្រប់សាលាទាំងអស់ បានចូលរួមយ៉ាងសកម្មជាមួយលោកគ្រូ អ្នកគ្រូ តាមគន្លងពង្រឹងវិស័យអប់រំ។ ជាពិសេសចំពោះកម្មវិធីអប់រំមួយចំនួន ដែលបានដាក់ឱ្យអនុវត្តន៍នៅសាលាគោលដៅ ប៉ុន្តែ មានលោកគ្រូ អ្នកគ្រូ នៅសាលាជុំវិញបានមកដកស្រង់បទពិសោធន៍ទាំងនេះ ដើម្បីយកទៅអនុវត្តន៍ក្នុងសាលាបង្រៀនរបស់ពួកគាត់ផ្ទាល់តែម្តង។ ចំណុចនេះហើយដែលរាជរដ្ឋាភិបាលចង់បាន និងកុំចាំបាច់មានអន្តរាគមន៍ពីថ្នាក់លើមក កុំចាំបាច់មានថ្នាក់ដឹកនាំចុះពីលើមកអង្គុយវាយតម្លៃឱ្យពិន្ទុយើង យើងធ្វើខ្លួនឯងតែម្តង នេះហើយគឺជាការស្វ័យអនុវត្តន៍ និងជាមេរៀនដែលត្រូវធ្វើជាប់ជាប្រចាំ ដើម្បីមោទនភាព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «មោទនភាពរបស់យើងមិនមែនត្រឹមតែកសាងសាលារៀនមួយដែលល្អ ស្អាត វិន័យល្អនោះទេ មោទនភាពរបស់យើង គឺថាសិស្សដែលសិស្សដែលចេញពីសាលានេះទៅមានឱកាសជោគជ័យ ១០ឆ្នាំ ទៅ២០ឆ្នាំទៀត ដោយសារយើងបានពង្រឹងគេតាំងពីក្មេងនេះជាមោទនភាពដែលត្រូវធ្វើ»។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រឹងលើវិស័យអប់រំ ដល់កុមារតូចៗ ឱ្យមានឥរិយាថប មានគ្រឹះចំណេះដឹងរឹងមាំពីមូលដ្ឋាន នោះនឹងក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងមានឱកាសជោគជ័យទៅថ្ងៃអនាគត។ ដូច្នេះ ហើយលោកគ្រូ អ្នកគ្រូ គឺជាតួអង្គមួយរុញច្រានកូនសិស្សរបស់ពួកគាត់ប្រែក្លាយជាធនធានមនុស្សដ៏ល្អមួយសម្រាប់សង្គមកម្ពុជា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រូបង្រៀនទាំងអស់ គឺមានគុណមកលើសិស្សានុសិស្សគ្រប់រូប ព្រោះបើគ្មានគ្រូសិស្សមិនអាចរៀនដល់ថ្នាកឧត្ដមសិក្សាបានឡើយ។ សម្ដេចរម្លឹកថា បើគ្មានគ្រូបង្រៀននៅថ្នាក់ទី១ទេ សម្ដេចក៏មិនអាចបញ្ចប់ការសិក្សាកម្រិតបណ្ឌិតបានឡើយ។
«ខ្ញុំអាចរៀនបណ្ឌិតនៅក្រៅប្រទេស ក៏ដោយសារគុណអ្នកគ្រូ (បង្រៀន) ខ្ញុំថ្នាក់ទី១ដែរ។ គាត់បង្រៀនខ្ញុំសរសេរអក្សរ ក រហូតដល់ អ គាត់បង្រៀនខ្ញុំសរសេរលេខ១ ដល់លេខ១០ ទើបខ្ញុំអាចសរសេរលេខរាប់ពាន់លានបាន»។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនគោលដៅ «គវអ» ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអប់រំខេត្ត ឱ្យកាន់តែរឹងមាំ ទំនើប និងប្រកបដោយនវានុវត្តន៍ សំដៅធានាបាននូវសេវាអប់រំដែលមានគុណភាព ប្រសិទ្ធភាព និងសមធម៌៕