(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានណែនាំឲ្យបន្ដធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត។

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទូទាំងខេត្តកំពង់ស្ពឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យបន្ត ការបង្កើតមជ្ឈមណ្ឌល​អប់រំឌីជីថល, ការរៀបចំថ្នាក់រៀនឆ្លាតវៃ និង ការភ្ជាប់បណ្ដាញអ៊ីនធឺណិត នៅតាម​គ្រឹះស្ថានសិក្សាផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «សូមបន្តធ្វើសមាហរណកម្ម​បច្ចេក​វិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយបន្តជំរុញ ការបង្កើតមជ្ឈមណ្ឌល​អប់រំឌីជីថល, ការរៀបចំថ្នាក់រៀនឆ្លាតវៃ និង ការភ្ជាប់បណ្ដាញអ៊ីនធឺណិត នៅតាម​គ្រឹះស្ថានសិក្សា, ព្រមទាំងបន្ត លើកកម្ពស់សមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូល​ការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និង ការរៀន, កែលម្អមាតិកាសិក្សា និង ផ្សព្វផ្សាយមាតិកាឌីជីថលឱ្យបានទូលំទូលាយ»

ថ្លែងទៅកាន់អង្គពិធី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូសំដៅលើកកម្ពស់គុណវុឌ្ឍគ្រូ ឲ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ជាតិ និង អន្តរជាតិ, ដោយត្រូវផ្តល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្រៀន ជាប្រចាំ និងឧបករណ៍គាំទ្រចាំបាច់នានា ស្របតាមវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យបន្តលើកកម្ពស់អនាម័យ នៅតាមសាលារៀន ដោយត្រូវត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់​ភ្លាមៗ ព្រម​ទាំងបង្កើនការអប់រំអំពីសុខភាពសិក្សា និង សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា បន្ទប់សុខភាពស្ដង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាមជាដើម ។ ទន្ទឹមនេះ, ត្រូវគិតគូរអំពី ការដោះស្រាយ​បញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្ស នៅតាមសាលារៀន ដោយត្រូវបញ្ចូល កម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាពនៅក្នុងសាលារៀន។

ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, អង្គការជាតិ-អន្តរជាតិ សូមបង្កើន​ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដល់សិស្សានុសិស្សកម្ពុជា, ផ្គួបផ្សំជាមួយការពង្រឹងសីលធម៌បុគ្គល សំដៅលើកកម្ពស់ជីវភាព និងសុខុ​មាលភាពរបស់បុគ្គល គ្រួសារ និងប្រជាពលរដ្ឋកម្ពុជា៕