(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mei Jiaxiang ស្ថាបនិកស្ថាប័នក្បាច់គុន Emei-Legend នៃខេត្តស៊ីឈាន់ សាធារណរដ្ឋប្រជាមានិតចិន និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
ជំនួបនេះ ក្នុងគោលបំណងស្នើសុំកិច្ចគាំទ្រលើ គម្រោងសហប្រតិបត្តិការបង្កើតព្រឹត្តិការណ៍កីឡាប្រដាល់ធំៗ និងជាលក្ខណៈអន្តរជាតិ ដោយផ្សាភ្ជាប់នឹងទេសចរណ៍របស់ស្ថាប័នកីឡាប្រដាល់ទាំងពីរនៅប្រទេសកម្ពុជា និងប្រទេសចិន នាទីស្តីការក្រសួងទេសចរណ៍។
ជាការឆ្លើយតប រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ស្ថាប័នទាំងពីរដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា តាមរយៈការផ្សារភា្ជប់កីឡាប្រដាល់ដែលជាមត៌កសម្រាប់ការពារខ្លួន និងបូរណភាពជា តិ ក៏ជាផ្នែកមួយនៃវប្បធម៌ អរិយធម៌ និងប្រពៃណីដ៏យូរលង់របស់ប្រទេសទាំងពីរ ដែលជួយផ្សព្វផ្សាយពីគុនខ្មែរ-ល្បុក្កតោដល់ប្រជាជនចិន និងពិភពលោក ក៏ដូចជានាំពិភពលោកមកកាន់ប្រទេសកម្ពុជាតាមរយៈគុនខ្មែរ-ល្បុក្កតោផងដែរ៕