(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលឯកឧត្ដមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោកបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា លោកពិតជាមានសេចក្តីសប្បាយរីករាយ ដែលបានធ្វើជាតំណាងនៃសាធារណរដ្ឋបារាំង មកបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះ គឺថា កម្ពុជា ជាប្រទេសដំបូងបំផុត ដែលលោកបានចាប់ផ្តើមការងារការទូត និងជាប្រទេសចុងក្រោយដែលលោកបានបញ្ចប់ការងារការទូតនេះ។

លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណជូន ចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា កន្លងនេះ។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា ដែលនេះបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសន្តិសុខ និងការពារជាតិ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ធនធានទឹក, ការផ្គត់ផ្គង់ទឹកស្អាត, វប្បធម៌, អប់រំ, និងសុខាភិបាល។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះលោកឯកអគ្គរដ្ឋទូត និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរ។

សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៃប្រទេសទាំងពីរ។

សម្ដេចបវរធិបតី បានអរគុណចំពោះការគាំទ្ររបស់បារាំងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕