(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានាទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីសម្ពោធសមិទ្ធផលដែលមានគុណតម្លៃខ្ពស់លើការអប់រំនេះ រៀបចំឡើងនៅវិទ្យាល័យឧដុង្គ ស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
របាយការណ៍បានឱ្យដឹងថា អគារសិក្សា ផ្ទះគ្រូបង្រៀន និងទីចាត់ការ ដែលសម្ពោធនាព្រឹកថ្ងៃនេះ ស្ថិតក្នុងគ្រឹះស្ថានសិក្សាចំនួន៦ រួមមាន៖
១៖ វិទ្យាល័យឧដុង្គ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ។ អគារសិក្សាត្រូវសម្ពោធមានចំនួន២ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២៤បន្ទប់។ អគារនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។
២៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ។ អគារសិក្សាត្រូវសម្ពោធចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។
៣៖ វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី។ អគារត្រូវសម្ពោធមានអគារសិក្សាចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់, អគារទីចាត់ការចំនួន១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង៣បន្ទប់ និងផ្ទះគ្រូបង្រៀនចំនួន១ខ្នង កម្ពស់២ជាន់ ស្មើនឹង ២០បន្ទប់។ អគារទាំងនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។
៤៖ សាលាបឋមសិក្សាជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី។ អគារ ត្រូវសម្ពោធរួមមានអគារសិក្សាចំនួន១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់ និងអគារទីចាត់ការចំនួន១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង ៣បន្ទប់។ អគារទាំងនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។
៥៖ វិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន។ អគារដែលត្រូវសម្ពោធ មានអគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។
៦៖ អនុវិទ្យាល័យ រត្នមុន្នីគិរីឧត្តម ស្ថិតក្នុងស្រុកបសេដ្ឋ។ អគារត្រូវសម្ពោធរួមមាន អគារសិក្សាចំនួន១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ និងអគារទីចាត់ការចំនួន ១ខ្នង កម្ពស់ ១ជាន់ ស្មើនឹង៣បន្ទប់។ អគារទាំងនេះ ចាប់ផ្តើមសាងសង់ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២។
ការអប់រំជាកិច្ចការដ៏អាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ផ្តើមពីនយោបាយផ្តល់តម្លៃលើការអប់រំនេះ បានធ្វើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយនៅតាមគ្រឹះស្ថានសិក្សា។
ខេត្តកំពង់ស្ពឺ បានទទួលនូវការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បម្រើឱ្យការអប់រំ។ របាយការណ៍ បានបង្ហាញថា នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន១, វិទ្យាល័យចំនួន ៣៣សាលា (រដ្ឋ២៧ និងឯកជន ៦), អនុវិទ្យាល័យ ចំនួន ៧៨សាលា (រដ្ឋ ៧០ និង ឯកជន ៨), សាលាបឋមសិក្សា ចំនួន ៣៤៣សាលា(រដ្ឋ ៣១៦ និងឯកជន ២៧), សាលា មត្តេយ្យសិក្សា ៥៥០សាលា(រដ្នា ២៣១, ឯកជន ៣៥, សហគមន៍ ២៨៤) មានបុគ្គលិក ៥.៣០៩នាក់ ស្រី ២.១៨១នាក់ និងមានសិស្សសរុប ១៩៧.២៨៧នាក់ ស្រី ៩៨.៥៦៣នាក់។
ឆ្នាំសិក្សា ២០២៣-២០២៤ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៤.២៦៥នាក់ ស្មើនឹង ៨១,៦៦ភាគរយ ស្រី ២.៥០៥នាក់ ស្មើនឹង ៨៧,៥៩ភាគរយ ក្នុងនោះ និទ្ទេស A ចំនួន ៤៧នាក់ ស្រី ២៩នាក់ ទទួលបានរង្វាន់លើកទឹកចិត្តរួមមាន កុំព្យូទ័រ ថើបប្រូត និងថវិកាពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកអភិបាលខេត្តផងដែរ។
នៅទូទាំងខេត្តកំពង់ស្ពឺ មានអគារសិក្សាសរុបចំនួន ១.១៥៨ខ្នង ស្មើនឹង ៥.១៣៩បន្ទប់ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ១៩៤ខ្នង ស្មើនឹង ១.១៣០បន្ទប់ (អាគារកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់)។ ជាមួយគ្នានេះ សាលារៀនជាប់ស្តង់ដារសាលាគំរូ មាន ចំនួន ៥សាលា (ក្រុងឧដុង្គម៉ែជ័យ ២សាលា និងក្រុងច្បារមន ៣សាលា)។ ចំពោះសាលារៀនជាប់ជាអង្គភាពផ្តល់សេវាធារណៈគំរូ ក្នុងឆ្នាំ២០២៤ ចំនួន ១សាលា នៅវិទ្យាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន។
ជាងនេះទៅទៀត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបង្កើតឱ្យមានសាលារៀនគ.វី.អ (គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា) មានចំនួន ៨សាលា រួមមានក្រុងឧដុង្គម៉ែជ័យ ៤សាលា, ក្រុងច្បារមន ២សាលា, ស្រុកសំរោងទង ១សាលា និងស្រុកបស់ដ្ឋ ១សាលា។
ចំណែកឯ នៅក្រុងឧដុង្គម៉ែជ័យ មានវិទ្យាល័យ ចំនួន ៣សាលា, អនុវិទ្យាល័យ ចំនួន ២សាលា, សាលាបឋមសិក្សា ចំនួន ២៧សាលា(រដ្ឋ ២៥ និងឯកជន ២), សាលាមត្តេយ្យសិក្សា ២៥សាលា(រដ្ឋ ១១, ឯកជន ៣, សហគមន៍ ១១) មានបុគ្គលិក ៣៨៥នាក់ ស្រី ១៥២នាក់ និងមានសិស្សសរុប ១៣.៧៥០នាក់ ស្រី ៧.០១៩នាក់។ ទូទាំងក្រុង ឧដុង្គម៉ែជ័យ មានអគារសិក្សាសរុបចំនួន ៩៤ខ្នង ស្មើនឹង ៤៣០បន្ទប់ ក្នុងនោះ អគារ សិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត មានចំនួន ១៣ខ្នង ស្មើនឹង ៩១បន្ទប់ (អាគារកម្ពស់ ៣ជាន់)៕